រថយន្ត៣គ្រឿងបុកបន្តគ្នាមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅម៉ោងប្រមាណជិត៤រសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿង បុកប៉ះបន្តគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ ។

របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា ដំបូងមានរថយន្តដឹកទំនិញធុនធំ២គ្រឿងបុកប៉ះគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ​ដែលខូចឈប់ចតនៅខាងចិញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ ។

តាមរបាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តទី២ ស្លាក លេខភ្នំពេញ3F-7220 បើកបរដោយឈ្មោះមឿន សាយ ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរខេត្តកំពង់ចាម (របួសធ្ងន់), រថយន្តទី2 ស្លាកលេខព្រះសីហនុ3A-7007 បើកបរដោយឈ្មោះយ៉ុង សារុន ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាចខេត្តកំពត(របួសស្រាល) ចំណែករថយន្តទី3 ដែលជារថយន្តដឹកប្រេង ស្លាក លេខ ភ្នំពេញ3C-4821 អ្នកបើកបរ ឈ្មោះប៉េ ណា ភេទប្រុស អាយុ33ឆ្នាំ មានទីលំនៅ ភូមិពានា ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុក ព្រៃនប់ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print