ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តសាំយ៉ុងបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2015 នៅវេលាម៉ោង11 និង30នាទី តាមបណ្តោយផ្លូវជាតិលេខ4 គីឡូម៉ែត្រលេខ 42-43 ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៍លឿង ពាក់ផ្លាកលេខភ្នំពេញ 2Q-2722 បើកបរដោយឈ្មោះឈុំ ប្រាក់ ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិជើងដឹក ឃុំប្រាំយ៉ាង ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ស៊េរី2015 ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-1418 ជិះគ្នា២នាក់មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្លងផ្លូវពីទិសខាងត្បូងទៅជើងដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលអោយបុរស២នាក់ដួលបោកទៅលើដីស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុមានសមត្ថកិច្ចចុះមកធ្វើការវាស់វែងរួចយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ៖ សេនាស័ក្តិ