មន្ត្រីជំនាញរបស់កូរ៉េខាងជើងក្នុងវិស័យវិទ្យាសាស្ត្រមីស៊ីលនិងបរមាណូ ដែល ទទួលរងការដាក់ទណ្ឌកម្មដោយសារតែបានចូលរួមផលិត បរមាណូនិងមីស៊ីលនៅ កូរ៉េខាងជើង ពេលនេះបានទទួលមរណ ភាពហើយ ក្នុងជន្មាយុ ៨៩ឆ្នាំ។
ព័ត៌មានខាងលើត្រូវបានរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ប្រកាសជាផ្លូវការនៅ ថ្ងៃទី ៤ខែកញ្ញា។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា សាស្ត្រាចារ្យបណ្ឌិត Ju Kyu Chang អាយុ៨៩ឆ្នាំបានស្លាប់ កាលពីថ្ងៃ ទី៣ ខែកញ្ញា ដោយសារជំងឺពាក់ព័ន្ធនឹង សរសៃឈាម។ លោកត្រូវបានចាត់ទុកថា ជា វីរបុរសបដិវត្តន៍បានជួយដល់សកម្មភាពអភិវឌ្ឍន៍កម្លាំងការពារជាតិយ៉ាងរឹងមាំ។
លោកJu Kyu Changធ្លាប់បានកាន់ តំណែងជារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ទទួលបន្ទុកអភិវឌ្ឍន៍មីស៊ីលនិង បរមាណូ ។ លោកស្ថិតនៅក្នុងបញ្ជីដាក់ ទណ្ឌកម្ម របស់អាមេរិកកាលពីឆ្នាំ២០១៣ ដោយបានចូលរួមផលិតអាវុធបរមាណូ ខុសច្បាប់អន្តរជាតិ។
សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានផ្សាយថា លោក Ju Kyu Changជាអ្នកត្រួតពិនិត្យការសាក់ល្បងកាំជ្រួចមីស៊ីល ឆ្លងទ្វីប កាលពីឆ្នាំ២០០៩ ជាមួយនឹងអតីត មេដឹកនាំគីម ជុងអុីល។ លោកក៏បានចូល រួម ផលិតមីស៊ីល Unha-3 កាលពីឆ្នាំ ២០១២ មុនពេលចូលនិវត្តន៍កាលពីឆ្នាំ ២០១៥៕ ម៉ែវ សាធី