ខេត្តស្វាយរៀង៖ ចាហ៊ួយនាំចូលពីវៀតណាមសង្ស័យមានជាតិប្លាស្ទិក៣៧.៥គីឡូ ដាក់លក់នៅផ្សាប្រសូត្រ ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចកាំកង់ត្រូលរកឃើញ
នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត ព្រមទាំងរកឃើញស្លាដក៣១កញ្ចប់ នៅផ្សារជីភូ ដែលមានទឹកដោះគោ ថ្នាំដុះធ្នេញ និងសាប៊ូ ខូចគុណភាព និងទំនិញខូចគុណភាពជាច្រើនមុខទៀត នៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨។
តាមមន្ត្រីកាំកង់ត្រូលខេត្តបានអោយដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល កាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
ប្រភពដដែលបានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាប្រសូត្រនិងផ្សារជីភូនាពេលនេះ បានរកឃើញចាហ៊ួយចំនួន១៥កាឡ ស្នើរនិង៣៧.៥គីឡូ ព្រោះប្រភេទចាហ៊ួយនេះ នាំចូលពីប្រទេសវៀតណាម។ វាមានជាតិរឹងស្វិតដែលបង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវាជាពិសេសនោះក្មេងៗតូច ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
ក្នុងនោះក៏បានរកឃើញទំនិញហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរ មន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខទំនិញជាច្រើនមុខមានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ។ល។ ប៉ុន្តែពុំមិនបានរកឃើញផ្ទុកសារធាតុគីមីនោះទេ ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាពផងដែរ៕