នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលរកាកោងទី១ ដេកស្លាប់ក្នុងប៉ុស្ដិ៍រដ្ឋបាលជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័មក្នុងប៉ុស្ដិ៍រដ្ឋបាល ដោយសង្ស័យថា ការស្លាប់ខាងលើនេះគឺជាករណីខ្យល់គរ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅចំណុចក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ស្ថិតភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលផ្នែកបច្ចេកទេសនិងកោសល្យវិច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឿន ហួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះជាមនុស្សមានជម្ងឺប្រចាំកាយ (លើសឈាម+ទឹកនោមផ្អែម) ហើយតែងមកបំពេញការងារភារ:កិច្ចជាប្រចាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនគ្រប់គ្រង ។ មកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៣រសៀលជនរងគ្រោះបានត្រឡប់មកពីប្រជុំវិញជិះម៉ូតូមកប៉ុស្តិ៍ ដោយបានទុកម៉ូតូដែលខ្លួនជិះនៅមុខរោងលក់បង្អែមរបស់ឈ្មោះ ហាត់ ប៊ុនហុង ខាងមុខប៉ុស្តិ៍ រួចចូលមកធ្វើការនៅប៉ុស្តិ៍ជាធម្មតា ។

ប្រភពដដែលបានបន្ដទៀតថា តាមការឲ្យដឹងរបស់ប្រជាពលរដ្ឋឈ្មោះ ហាត់ ប៊ុនហុង ជាអ្នកលក់បង្អែមនៅមុខប៉ុស្ដិ៍បានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ជនរងគ្រោះបានជិះម៉ូតូមកទុកនៅផ្ទះរបស់គាត់ រួចចូលទៅប៉ុស្ដិ៍រហូតមកដល់ប្រមាណ១៨ បានឃើញប៉ុស្តិ៍រដ្ឋបាលងងឹតពុំមាននរណាម្នាក់បើកភ្លើង ភ្លាមនោះគាត់ក៏បានដើរឡើងទៅបើកភ្លើង ដោយបានលឺសម្លេងជនរងគ្រោះដេកស្រម៉ុកខ្លាំងៗ បន្ទាប់ពីបើកភ្លើងរួច ក៏ដើរចេញពីប៉ុស្តិ៍វិញ រហូតមកដល់ម៉ោង២២យប់ រូបគាត់ពុំឃើញជនរងគ្រោះមកយកម៉ូតូ ខណៈនោះឈ្មោះ រស់ សំអាត ជាអ្នកលក់គុយទាវនៅខាងមុខប៉ុស្តិ៍ក៏បានមកយកម៉ូតូទៅទុកក្នុងរោងរបស់គាត់ ដោយឡែកមន្ត្រីប៉ុស្តិ៍ពុំមាននរណាម្នាក់នៅប៉ុស្ដិ៍ទេ ព្រោះជាប់ភារកិច្ចចេញល្បាត និងការពារគោលដៅផ្សារកាកោង ។

លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឆ្នាំដដែល ប្រជាពលរដ្ឋឈ្មោះ រស់ សំអាត បានងើបមកដាំទឹកលក់គុយទាវ មិនឃើញជនរងគ្រោះមកយកម៉ូតូជិះទៅផឹកកាហ្វេនៅផ្សារកាកោងដូចសព្វដង មានការឆ្ងល់ក៏បបួលប្រពន្ធខ្លួន និងឈ្មោះ ម៉េងលីដែលលក់ដូរក្បែរគ្នាបានដើរទៅមើលនៅក្នុងប៉ុស្ដិ៍ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ក្បាលបែរទៅកើតស្លៀកខោខ្លី ពណ៌ក្រហម រុំក្រម៉ាពីក្រៅពុំមានពាក់អាវ ហើយមានកំអួតចេញតាមមាត់ទៀតផង រួចក៏មានការផ្អើលឆោរឡោនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានរួច ភ្លាមនោះក៏ចុះមកដល់កន្លែងកើតហេតុ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារករណីខ្យល់គរប្រាកដមែន ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print