ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ដែលជាមុខចោរឆក់យ៉ាងសកម្មនៅខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនពួកគេពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ បានសម្រេចចំនួន៧ករណី ហើយត្រូវកម្លាំងជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ។
យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលបញ្ជូនទៅតុលាការព្រឹកនេះទី១-ឈ្មោះ សុខ សី ហៅវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២-ឈ្មោះ ឈឿន ក្រពុំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនសូគីម៉ិចទល់មុខសាលាបឋមសិក្សាពោធិ៍ចិនតុង ផ្លូវសហពន្ធ័រុស្សី ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣០នាទី។ ជនរងគ្រោះឈ្មោះ យ៉ន សំបូរ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិឯករាជ្យ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ សម្ភារៈបាត់បង់ ៖ -ខ្សែកមានទម្ងន់៥ជី ១ខ្សែ -ខ្សែដៃមាសទម្ងន់៥ជី ១ខ្សែ -ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល -ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក -កាត ATM ចំនួន១ -សម្ភារៈមួយចំនួនតៀត។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខហាងលក់បាយយីហោសុខហុក ផ្លូវលេខ១០១៩ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ០០ នាទី ។
ជនរងគ្រោះឈ្មោះ ប៉ុល សារ៉ាន ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្សី មិនអាចមកដាក់ពាក្យបណ្តឹង និងមកធ្វើការបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបាន គណៈបញ្ជាការឯកភាពសាលាសង្កាត់ភ្នំពេញថ្មី បានចេញមុខដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ជំនួសជនរងគ្រោះ ។ សម្ភារៈបាត់បង់ ៖ -កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១ -ប្រាក់រៀល ចំនួន ២លានរៀល។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល១៣ និង០០នាទី។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់កុំព្យូទ័រ) នៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញកាលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី។
ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២ និង ០០ នាទី។
ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខស្ថានីយ៍ប្រេងPTTផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី។
ករណីទី៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខអនុវិទ្យាល័យ ១០០ខ្នង ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ -ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង ១៥ សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះឈ្មោះ យ៉ន សំបូរ ។
បច្ចុប្បន្នជនសង្ស័យបន្ទាប់ពីបញ្ចប់នីតិវិធីសាកសួរ រួចសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ស តារា
...