នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទទួលជ័យជម្នះក្នុងការបោះឆ្នោតបក្ស

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ទទួលបានជ័យជម្នះ ក្នុងការបោះ ឆ្នោតផ្ទៃក្នុង បក្សកាន់អំណាច ។ ជាមួយ នឹងជ័យជម្នះលោកអាបេអាចនឹងបន្តដឹកនាំ ជប៉ុនថែមមួយអាណត្តិទៀត ក្លាយទៅជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ជប៉ុន។

សារព័ត៌មាន Japan Times បានផ្សាយ ថា ការបោះឆ្នោតផ្ទៃក្នុងគណបក្ស ប្រជា ធិបតេយ្យសេរី LDP នៅថ្ងៃទី២០ ខែកញ្ញា លោក អាបេ បានយកឈ្នះ លើ គូប្រជែងគឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishida ដោយមានសំឡេងគាំទ្រ ៥៥៣/ ៨០៧ សំឡេងនៅក្នុងបក្ស ។ លោកអាបេ ត្រូវការតែ សម្លេងគាំទ្រតែ៤០៤សំឡេង ប៉ុណ្ណោះ និងទទួលបានជ័យជម្នះ តែ លោកទទួលបានដល់ទៅជាង ៥៥០ សំឡេង។ អាណត្តិទី៣របស់លោកអាបេ ក្នុងតំណែងប្រធានគណបក្ស LDP នឹងត្រូវបញ្ចប់នៅខែសីហាឆ្នាំ២០២១។

ជាមួយនឹងជ័យជម្នះខាងលើ ជាការបើកផ្លូវដល់អ្នកនយោបាយវ័យ៦៣ឆ្នាំរូបនេះ បន្តដឹកនាំជប៉ុន ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុត។លទ្ធផលបោះឆ្នោត គណបក្សLDP គឺមិនខុសពីការព្យាកររបស់ ក្រុមអ្នកឯកទេសនោះឡើយ ដោយលោក អាបេទទួលបានការគាំទ្រខ្ពស់ ពីសមាជិក បក្ស ។

លោក អាបេ អាចនឹងបំពេញក្តីបំណង របស់លោក ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ សន្តិភាពដែលធ្វើឡើងដោយអាមេរិកក្រោយសង្គ្រាមលោកលើកទីពីរ ដោយទទួល ស្គាល់កម្លាំងទាហានជប៉ុន អាចចូលរួម សង្គ្រាមបាន មិនមែនជាទាហានការពារតែប៉ុណ្ណោះនោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print