ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្ធិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍ ចុះបង្រ្កាបទីតាំងសញ្ជារកម្មមួយកន្លែងសង្ស័យមានបង្កប់សេវ៉ាផ្លូវភេទ ក្នុងនោះកម្លាំងឃាត់ខ្លួនស្រ្តីម្ចាស់ហាង និងនារីៗចំនួន ៤នាក់ រួមទាំងវត្ថុតាងផ្សេងៗផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងសញ្ជារកម្មបំរើផ្លូវភេទមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនម្ខាស់ហាង(ស្រីម៉ាន់ ម៉ាស្សា)(ម៉ាស្សាប្រេង កោសជប់)ឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ មានទីលំនៅភូមិដោប ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងកិច្ចប្រតិបត្តិការបានរកឃើញ និងដកហូតនូវវត្ថតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួចចំនួន ០១ និងមិនទាន់ប្រើប្រាស់មួយចំនួន រួមទាំងកែវជប់មួយកញ្ចែង និងជនរងគ្រោះចំនួន ០៤នាក់ផងដែរ។
ប្រភពព័ត៌មានខាងលើបន្តថា នារីៗជាជនរងគ្រោះទី១ ឈ្មោះ ផ សម អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ គ ភ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ ហ ធរ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំ.ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងទី៤ ឈ្មោះ ស ឡអ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលភ្លា ឃុំស្រឡៅ ស្រុកបារាយ ខេត្តកំពង់ធំ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាម្ចាស់ហាងឈ្មោះ គាវ ស្រីម៉ាន់ និងនារីៗរងគ្រោះបានបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ដោយឡែក៖ ម្ចាស់ហាងយីហោ(ស្រីម៉ាន់ ម៉ាស្សា) បានបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន