ភ្នំពេញ: យុវជនម្នាក់បើកម៉ូតូជ្រុលចង្កូតទៅបុករថយន្តកាមរីXLEមួយគ្រឿងឈប់ចតនៅលើចញ្ចើមផ្លូវ ពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រីត XLE ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-1251 បានអែបចតនៅលើចញ្ចើមផ្លូវ ភ្លាមនោះស្រាប់តែមានម៉ូតូMSX ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FZ-4037 បើកតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យអ្នកម៉ូតូរងរបួសបាក់ជើងស្តាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ