ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សម័យមុនបម្រើជាតិដោយយកជីវិតធ្វើដើមទុន មករំដោះជាតិ ។ ប៉ុន្តែសម័យនេះ សម្តេចលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។
ហ្វេសប៊ុកផេកសម្តេចតេជោ សរសេរថា “ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយដែលមានចំណងជើងថា លាទៅបម្រើជាតិ”។
“តែសម័យនោះគឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ”។
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។
កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។
ខ្ញុំចេញទៅលើកនេះក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគស្មាញ។
ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។
ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញូវយ៉ក។សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕ចេស្តា