ចិន៖ បញ្ហាផ្ទៃក្នុងប្រទេសណា គឺទុកឲ្យប្រទេសនោះជាអ្នកដោះស្រាយ

ចែករំលែក៖

បញ្ហាក្រុមជនជាតិរ៉ូហ៊ីងយ៉ានៅក្នុង ប្រទេសមីយ៉ាន់ម៉ា បានក្លាយទៅជាបញ្ហាក្តៅមួយនៅក្នុងតំបន់ នៅលើពិភពលោក បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដ្ឋាភិបាល របស់លោកស្រីអ៊ុងសាន ស៊ូជី ។ មិនតែប៉ុណ្ណោះលោកស្រីអ៊ុងសានស៊ូជីត្រូវដកហូតសញ្ជាតិកិត្តិយស កាណាដាជា បណ្តោះអាសន្នផងដែរ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៨ ខែ កញ្ញាបានដកស្រង់សម្តីទីប្រឹក្សារដ្ឋ និងជា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាន កត់សម្គាល់ថា វិបត្តិជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនគួរត្រូវបានយកទៅដោះស្រាយនៅលើឆាក អន្តរជាតិឡើយ ខណៈអង្គការសហប្រជាជាតិកំពុងត្រៀមបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជន ជាតិដើមដ៏កម្សត់មួយនេះ។

ការលើកឡើងបែបនេះរបស់លោក វ៉ាង យី មិនមានអ្វីគួរឱ្យភ្ញាក់ឡើយ ពីព្រោះចិនគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងមីយ៉ាន់ម៉ា ហើយទីក្រុងប៉េកាំង ក៏ធ្លាប់បានបោះឆ្នោតវ៉េតូជាច្រើនលើក ប្រឆាំងនឹងសេចក្ដីថ្លែង ការណ៍ UN ថ្កោលទោសមីយ៉ាន់ម៉ាផង ដែរ។

លោក វ៉ាង យី នៅក្នុងសេចក្ដីថ្លែង ការណ៍ ចេញផ្សាយដោយក្រសួងការ បរទេសចិន នៅថ្ងៃសុក្រនេះ បានលើក ឡើងយ៉ាងដូច្នេះថា «វិបត្តិនៅក្នុងរដ្ឋ រ៉ា ឃីន (Rakhine) គឺជាបញ្ហាដ៏សំខាន់មួយ រវាងមីយ៉ាន់ម៉ា នឹងបង់ក្លាដែស… ដូច្នេះចិនមិនគាំទ្រឡើយចំពោះការយកសំណុំរឿងនេះ ឱ្យអន្តរជាតិជួយដោះស្រាយ ព្រម ទាំងសកម្មភាពទាំងឡាយណា ដែលបង្ក ឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ រីឯសហ គមន៍អន្តរជាតិ គួរតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា»។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតលើការបង្កើតអង្គភាពអន្តរជាតិ ដែលនឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំង នឹងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែប្រទេស ចិន ប៊ូរុនឌី និងហ្វុីលីពីន បានបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចនេះ ខណៈប្រទេស ច្រើនជាង ១០០ ទៀតបោះឆ្នោតគាំទ្រ។

ពាក់ព័ន្ធនឹងស្ថានភាព ជនជាតិរ៉ូហ៊ីង យ៉ា ក្រុមអ្នកតំណាងរាស្ត្រកាណាដា បានបោះឆ្នោតលុបចោលសញ្ជាតិកិត្តិយស ដែលបានផ្ដល់ជូនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០០៧ ដោយសារតែបរាជ័យក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។

ការបោះឆ្នោតជាឯកច្ឆន្ទរបស់ក្រុម​តំណាងរាស្ត្រកាណាដា ធ្វើឡើងជាការ ឆ្លើយតបទៅនឹងលោកស្រីស៊ូជី សម្រាប់ បរាជ័យរបស់ លោកស្រីក្នុងការទប់ស្កាត់ អំពើហិង្សាប្រឆាំងនឹងជនជាតិដើមភាគ តិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine។ អំពើ ហិង្សានេះដែលបានផ្ទុះ ឡើងកាលពីជាង ១២ខែមុន បានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ ព្រមទាំងបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់ផ្សេងទៀត រត់ ភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដែស។ ចំណែក ឯក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានចោទប្រកាន់ យោធាមីយ៉ាន់ម៉ាផងដែរថា បានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុង ដំណើការការស៊ើបអង្កេតបឋមរបស់ខ្លួន។

តែទោះជាយ៉ាងណាក៏ដោយ ទាំង លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំ យោធាមីយ៉ាន់ម៉ា បានច្រានចោលការ ចោទប្រកាន់ ទាំងនេះ ហើយអះអាងថាអ្វីដែលពួកគេបានធ្វើគឺដើម្បីជនស៊ីវិល សន្តិ សុខនិងសនិ្តភាពនៅក្នុងប្រទេសតែ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានសញ្ជាតិកិត្តិយសពីកាណាដាកាលពីឆ្នាំ២០០៧ ហើយការអនុម័តលុប ចោលសញ្ជាតិនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាន់ស្ទីន ឌ្រូដូ បាននិយាយថាសភាកាណាដាគួរតែពិចារណាឡើងវិញ ថាតើលោកស្រីស៊ូជី គួរតែ បន្តទទួលបានសញ្ជាតិកិត្តិយសតទៅទៀតដែរឬក៏យ៉ាងណា?៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print