ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ បានសម្រេចហើយ តែត្រូវស្រ្តីរងគ្រោះទាញមកវិញ បណ្តាលឲ្យជនសង្ស័យនិងជនរងគ្រោះដួលម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះជួយអន្តរាគមន៍ចាប់ក្របួចបានតែម្តង ។
ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវមុនីរ៉េត ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អោ ដាគា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៦Z ផ្លូវលេខ ២០៩ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦៣៦ ផ្លូវលេខ៣៤ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។
វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ ទូរសព្ទដៃ១គ្រឿងម៉ាកអូបប៉ូ អេស៊ីអេស ពណ៌ខៀវ (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GN-1792 ,ទូរសព្ទដៃ០១គ្រឿងម៉ាកIphone6 និងខ្សែក១ ខ្សែធ្វើពីលោហធាតុពណ៌ទង់ដែង (ជារបស់ជនសង្ស័យ) ។
ប្រភពដដែល បន្តទៀតថា ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-7762 ម្នាក់ឯង ចេញពីទិញបន្លែនៅផ្សារដើមគរ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយបានដាក់ទូរសព្ទដៃ១គ្រឿងម៉ាកអូបប៉ូអេស៊ីអេស ពណ៌ខៀវ នៅក្នុងហោប៉ៅអាវ ។ លុះធ្វើដំណើរមកដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ អោ ដាគា បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ GN1792 មកធ្វើសកម្មភាពឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ដែលទុកក្នុងហោប៉ៅអាវ បានសម្រេចហើយ ពេលនោះជនរងគ្រោះបានស្រែកឆោឡោឡើង និង ប្រតាយប្រតប់ដណ្តើមយកទូរសព្ទដៃវិញ ធ្វើឲ្យដួលម៉ូតូទាំងអស់គ្នា ភ្លាមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៅក្បែរនោះមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អោ ដាគា យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីសាកសួរតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួចហើយ ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ស តារា