ចូលទៅកាប់គេដល់ផ្ទះ ប្រតាយប្រតប់គ្នារងរបួសធ្ងន់ស្រាលទាំងសងខាង ៨នាក់ ព្រោះរឿងគំនុំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូ៣គ្រឿង មកដល់ផ្ទះជនរងគ្រោះ រួចប្រើហិង្សាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ដោយសារមានគំនុំរឿងវាយកូនរបស់ជនសង្ស័យ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ មានឈ្មោះ គង់ សឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ, ឈ្មោះ ស៊ុំ សំអូន ភេទប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ ស៊ំុ សំអាត ភេទស្រី អាយុ៣១ឆ្នាំ, ឈ្មោះ ស៊ុំ ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ មែង តុង ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៥ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំណែកជនសង្ស័យទាំង៤នាក់មានឈ្មោះ សុខ ជៀន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ (អ្នកកាន់ដាវ), ឈ្មោះ ឌី សូត្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ (ដៃកាន់ដែក) ឈ្មោះ ហាង រ៉ា ភេទ្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ និងឈ្មោះ ពុត សាវិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ។

តាមជនរងគ្រោះឈ្មោះ គង់ សឿន អាយុ៤៥ឆ្នាំ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ នៅវេលាម៉ោង៧យប់ មានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូចំនួន៣គ្រឿង មកផ្ទះរបស់គាត់ ហើយក៏បានឈប់ម៉ូតូខាងមុខផ្ទះ រួចដើរចូលទៅវាយធ្វើឲ្យគាត់ភ័យ ក៏បានស្រែកថា ចោរៗ និងឲ្យឮដល់បងប្អូនគាត់ ក៏បានរត់មកជួយ ស្រាប់តែជនសង្ស័យទាំង៤នាក់នោះ បានចូលមកកាប់ ក៏បង្កឲ្យមានការប្រើហិង្សាប្រទូសសារ៉ាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាង បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ។

ចំពោះជនសង្ស័យឈ្មោះ ឌី សូត្រដែលមិនមានរងរបួស សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ៣នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print