បម្រែបម្រួលអាកាសធាតុ បង្កឲ្យមានគ្រោះធម្មជាតិកើនឡើង ៣ដងក្នុងរយៈ២ទសវត្សរ៍នេះ

ចែករំលែក៖

គ្រោះធម្មជាតិធំៗដែលបានកើតឡើងនៅជុំវិញពិភពលោក គឺបង្កឡើងដោយ បម្រែបម្រួលអាកាសធាតុ ដោយសារ ប្រទេសមហាអំណាច ប៉ុន្តែ អាមេរិក បែរជាមិនបានចូលរួមក្នុងការធ្វើឲ្យប្រសើរឡើងនូវអាកាសធាតុផែនដីនោះឡើយ។

បច្ចុប្បន្នគ្រោះមហន្តរាយ បង្កឡើងឲ្យ មានកម្តៅអាកាសធាតុដែរ បានធ្វើឱ្យ ខាតបង់ប្រាក់ កាន់តែច្រើនឡើងៗ តម្លៃ នៃការហិនហោច បើគិតជាសាច់លុយ បានកើនឡើងពីរដងកន្លះ ក្នុងរយៈពេល តែ២០ឆ្នាំ។ នេះបើតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ ចេញផ្សាយ នៅថ្ងៃពុធទី ១០ ខែតុលា ឆ្នាំ២០១៨ ដែលព្រមានថាគ្រោះមហន្តរាយនឹងកាន់តែធ្ងន់ធ្ងរនិងញឹកញយ។ របាយការណ៍នេះធ្លាក់មកជួនចំពេលដែលក្រុមអ្នកជំនាញអាកាសធាតុអន្តររដ្ឋាភិបាល ក៏ទើបបាន ចេញរបាយការណ៍បញ្ជាក់អំពីផលវិបាកដ៏ធ្ងន់ធ្ងរចំពោះបរិស្ថាននិងមនុស្សជាតិ ដោយ សារការឡើងកម្តៅនៃភពផែនដីលើសពី ១,៥អង្សា។

នៅរវាងពីឆ្នាំ១៩៩៨-២០១៧ តម្លៃនៃការខូចខាតក្នុងគ្រោះមហន្តរាយបង្កឡើងដោយការប្រែប្រួលអាកាសធាតុ មានទំហំ ដល់ ២៩០០ពាន់លានដុល្លារ ក្នុងនោះ ៧៧ភាគរយ ជាការហិនហោចព្រោះ លក្ខខណ្ឌអាកាសធាតុអាក្រក់ជ្រុលខ្លាំង ហើយញាំញីញយដងពេក។ នេះបើតាមការតួលេខលម្អិតផ្តល់ដោយការិយាល័យទទួលបន្ទុកកាត់បន្ថយគ្រោះមហន្តរាយ ធម្មជាតិអង្គការសហប្រជាជាតិ (UNISDR) ដែលបានប្រៀបធៀបថាកាលពីឆ្នាំ ១៩៧៨-១៩៩៧ ការខាតបង់ថវិកាក្នុងគ្រោះមហន្តរាយមានត្រឹមតែ ១៣០០ ពាន់លានដុល្លារ ក្នុងនោះ៦៨ភាគរយជាគ្រោះធម្មជាតិព្យុះភ្លៀង ទឹកជំនន់ និងរាំង ស្ងួត។

នាយកការិយាល័យកាត់បន្ថយគ្រោះ មហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងការបង្កើនថវិកាសម្រាប់ចំណាយក្នុងគ្រោះមហន្តរាយនៅលើពិភពលោក ហើយទៅថ្ងៃអនាគតការហិនហោចថវិកាអាចកាន់តែឡើងខ្ពស់បន្ថែមទៀត? ការឡើងកម្តៅ អាកាសធាតុ នឹងធ្វើឲ្យផែនដីជួបគ្រោះ មហន្តរាយកាន់តែធ្ងន់ធ្ងរខ្លាំង ដែលអាច បំផ្លាញមិនឱ្យមានការអភិវឌ្ឍដោយស្ថិតស្ថិរបាន។ នេះបើតាមការព្រមានរបស់នាយកUNISDR។

នៅរវាងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ របាយការណ៍បានឲ្យដឹងថា គ្រោះមហន្ត រាយធម្មជាតិធ្ងន់ធ្ងរខ្លាំងចំនួន ៧២៥៥ បានកើតឡើងនៅលើផែនដីយើង ក្នុងនោះ ៩០ភាគរយជាគ្រោះបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ពោលគឺទឹកជំនន់ និងព្យុះសង្ឃរាកំណាច។

ប្រទេសដែលរងការខាតបង់ថវិកាច្រើនជាងគេគឺសហរដ្ឋអាមេរិក (៩៤៥ពាន់ លានដុល្លារ) ចិន (៤៩២ពាន់លានដុល្លារ) និងជប៉ុន (៣៧៦ពាន់លានដុល្លារ)។ ចំពោះជីវិតមនុស្សវិញ ក្នុងរយៈពេលពី រទសវត្សរ៍ គ្រោះមហន្តរាយធម្មជាតិបានសម្លាប់ជីវិតមនុស្សអស់ ១,៣សែននាក់ និង៤៤០០លាននាក់ រងរបួស ឬក្លាយ ជារងគ្រោះ ឬត្រូវធ្វើបន្លាស់ទី។ ជាងពាក់កណ្តាលស្លាប់ដោយគ្រោះរញ្ជួយដី និង រលកស៊ូណាមិ ដែលសរុបប្រមាណជាង ៥៦៣ដង ក្នុងរយៈពេលល២០ឆ្នាំចុង ក្រោយនេះ។

ពាក់ព័ន្ធនឹងអាកាសធាតុនោះដែរ កន្លង មកថ្មីៗ ប្រទេស ១៩៥បានអនុម័តទៅលើ របាយការណ៍ ស្តីពីអាកាសធាតុ GIEC បើទោះបីជាអារ៉ាប៊ីសាអូឌីតប្រឆាំងរារាំងខ្លាំងយ៉ាងណាក៏ដោយ ក៏តំណាងរដ្ឋាភិបាល ចំនួន១៩៥ប្រទេសនៅលើពិភពលោក បានអនុម័តលើរបាយការណ៍ចុងក្រោយ របស់ ក្រុមអ្នកជំនាញអាកាសធាតុអន្តរ រដ្ឋាភិបាលហៅកាត់ជាភាសាបារាំងថា GIEC។ ជារបាយការណ៍ដែលបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការឡើងកម្តៅអាកាសធាតុលើសពី១,៥អង្សា។

កិច្ចប្រជុំដោយបិទទ្វារ ដែលចាប់ផ្តើម តាំងពីដើមសប្តាហ៍ ត្រូវបន្ថែមពេលមួយថ្ងៃ និងជាច្រើនម៉ោងទៀត ដើម្បីដោះស្រាយអំពីបញ្ហាប្រឆាំងរបស់ប្រទេសអារ៉ាប៊ីសា អូឌីត។

ជាប្រទេសនាំចេញប្រេងលំដាប់លេខ១ពិភពលោក អារ៉ាប៊ីសាអូឌីត បានប្រឆាំង យ៉ាងដាច់អហង្ការ ត្រង់ជំពូកមួយដែលរំលឹកអំពីភាពមិនគ្រប់គ្រាន់នៃការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ដើម្បីកម្រិតការឡើងកម្តៅអាកាសធាតុត្រឹម១,៥អង្សា ដែលបាន សន្យាក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។ ប៉ុន្តែបើតាមប្រភពមិនបញ្ចេញឈ្មោះ ដោយអង្គប្រជុំសម្រេចព្រមព្រៀងគ្នាទាំងស្រុង ថា “ប្រឆាំងដោយអារ៉ាប៊ីសាអូឌីត” ទើបតំណាងក្រុងរីយ៉ាដ សុខចិត្តសម្រប ខ្លួនតាមគេឯង កុំឱ្យជាប់ឈ្មោះក្នុង ក្រដាស។

ជំហរជំទាស់របស់អារ៉ាប៊ីសាអូឌីត មិនមែនជាការភ្ញាក់ផ្អើលឡើយ ! ពេញ មួយសប្តាហ៍កន្លងមកនេះ ប្រតិភូអារ៉ាប៊ី សាអូឌីត បានសម្តែងការប្រឆាំងនឹងរបាយ ការណ៍ ទាំងទម្រង់និងខ្លឹមសារ។ ក្រុងរី យ៉ាដ ក៏ធ្លាប់ប្រកាន់ជំហរទប់ស្កាត់សកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការប្រឆាំងនឹងការឡើងកម្តៅអាកាសធាតុ ពីមុនមក មិនថាជារបាយការណ៍របស់ GIEC ឬការចរចារកកិច្ចព្រមព្រៀងកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់ទេ។ កាលពីឆ្នាំ ២០១៥ ថ្វីបើអារ៉ាប៊ីសាអូឌីតព្រមអនុម័តលើជាកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស កម្រិតមិនឱ្យភពផែនដីឡើងកម្តៅលើសពី២អង្សា ឬកាន់តែល្អត្រឹម១,៥អង្សា តែប្រទេសនេះបានប្រឆាំងរួចសេ្រចទៅ ហើយនឹងការបន្ថែមពាក្យ១,៥អង្សា។

ក្រៅអំពីជំហរប្រឆាំងរបស់រីយ៉ាដ កិច្ចប្រជុំត្រូវការពេលវេលាបន្ថែម ដោយអ្នក វិទ្យាសាស្ត្របានចំណាយពេលពន្យល់

រាល់គ្រប់សំណួរ និងការតវ៉ាទាំងឡាយ យ៉ាងលម្អិត។ នៅទីបំផុត របាយការណ៍ត្រូវ បានអនុម័ត ដោយកុងសង់សុីស និង ដោយស្ទើរតែគ្មានការកែសម្រួលអត្ថបទដើមផង។

របាយការណ៍កម្រាស់៤០០ទំព័រ ដោយ ឈរលើមូលដ្ឋានសិក្សាចំនួន៦ពាន់ ឆ្លុះ ដែលបញ្ចាំងឱ្យឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរខុសគ្នាខ្លាំងរវាងការឡើងកម្តៅអាកាស ធាតុ ១,៥អង្សា និង២អង្សានេះ នឹងត្រូវ ផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សប្តាហ៍នេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print