រថយន្ដបុកម៉ូតូបណ្ដាលឲ្យដួលត្រូវរថយន្ដមួយគ្រឿងទៀតកិនបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាល ៖ ស្រ្ដីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈជិះម៉ូតូត្រូវរថយន្ដដឹកថ្មមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យនៅលើផ្លូវ រួចត្រូវរថយន្ដមួយគ្រឿងទៀតបើកមកពីក្រោយកិនស្រ្ដីរងគ្រោះជាអ្នកជិះម៉ូតូបន្ថែមទៀត នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលមិនស្គាល់ម៉ាក គ្មាស្លាកលេខ ប្រភេទរថយន្ដបែន ធុនធំដឹកថ្ម ពណ៌ស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) រីឯរថយន្ដមួយគ្រឿងទៀតមកពីក្រោយកិនមនុស្សស្លាប់ម៉ាកនីសាន់ ប្រភេទបែន ដឹកថ្ម ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1583 បើកបរដោយឈ្មោះ ខាន់ គឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកស្រ្ដីរងគ្រោះស្លាប់ឈ្មោះខាត់ មឿន ភេទស្រី អាយុ៧២ឆ្នាំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាអ្នករួមដំណើរលើម៉ូតូម៉ាកហុងដាគុមមូល ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្ដាល 1K-2081 បើកបរដោយឈ្មោះ ប៉ាង បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដពុំស្គាល់អត្ដសញ្ញាណខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១២១០ ក្នុងទិសដៅពីលិចទៅកើត ដោយមានដឹកថ្មពេញរថយន្ដដោយល្បឿនលឿនមិនមើលពីស្ថានភាពផ្លូវ លុះបើកមកដល់ចំណុចកើតហេតុរថយន្ដខាងលើក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលនៅលើចិញ្ចើមផ្លូវ ធ្វើឲ្យស្រ្ដីរងគ្រោះដួលនៅលើផ្លូវ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកនីសាន់ ប្រភេទបែន ដឹកថ្ម ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1583 បើកដោយឈ្មោះ ខាន់ គឿន បានកិនស្រ្ដីរងគ្រោះមួយកំណាត់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីរថយន្ដដែលបុកម៉ូតូបណ្ដាលឲ្យដួលនោះបានបើករត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្ដម៉ាកនីសាន់ ប្រភេទបែន ដឹកថ្ម ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1583 បើកដោយឈ្មោះ ខាន់ គឿន ត្រូវបានធ្វើការឃាត់ទុក ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះមកពិនិត្យកន្លែងកើតហេតុ រួចធ្វើការវាស់វែង និងឯកសារដកហូតយកមធ្យោបាយម៉ូតូនិងរថយន្ដនិងអ្នកបើកបរយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ បន្ទាប់ពីពិនិត្យនិងវាស់វែង រួចសមត្ថកិច្ចបានប្រគល់សាកសពស្រ្ដីរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីខាងលើនេះ សមត្ថកិច្ចសន្និដ្ឋាន បណ្ដាលមកពីអ្នកបើកបររថយន្ដដឹកថ្មខាងលើ បើកដោយល្បឿនលឿន មិនមើលពីទំហំផ្លូវ ខ្ជីខ្ជា ធ្វេសប្រហែស ទើបបានជាបុកម៉ូតូនិងកិនស្រ្ដីរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងបែបនេះ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print