វាយប្លន់យកម៉ូតូពីយុវជន២នាក់បានសម្រេច រត់មិនរួចពីនគរបាលសមត្ថកិច្ចខណ្ឌចំការមន ​

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូSuzuki Lets មួយគ្រឿងឌុបគ្នាត្រូវបានជនសង្ស័យមួយក្រុមបានមកព្រួតវាយប្លន់យកម៉ូតូបានសម្រេចហើយព្យាយាមគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកដេញចាប់បានជនសង្ស័យ៤នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ និងដកហូតបានម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង២ប្រមាណ១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនបានជាប់ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូខាងលើមានឈ្មោះ ទី១ យុក ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ / ទី២  ឈាន សីហា ភេទប្រុស អាយុ១៧ឆ្នាំ /ទី៣ ប៉េង រស្មី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤ ទុន ភារក្ស ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងដកហូតម៉ូតូ៣គ្រឿងមិនវិញទាំងរបស់ជនរងគ្រោះ និងរបស់ជនសង្ស័យ ៖ ទី១ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-6225 ជារបស់ជនសង្ស័យ / ទី២ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-6758 របស់ជនសង្ស័យ ។ និងទី៣ ម៉ាក SUZUKI ឡេត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-3119 ជារបស់ជនរងគ្រោះឈ្មោះ កាន់ ចានី អាយុ២៤ឆ្នាំ មុខរបបសំណង់ ស្នាក់នៅក្នុងសង្កាត់បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានឲ្យដឹងថា មុខនិងឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន រហូតមកដល់មុខផ្សារទំនើបសុវណ្ណា ត្រង់ចំនុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យមួយក្រុមប្រមាណ ៤ទៅ៥ម៉ូតូ កំពុងធ្វើសកម្មភាពវាយយុវជនជនរងគ្រោះ២នាក់ប្លន់យកម៉ូតូឡេតបានសម្រេច និងបំរុងជិះគេចខ្លួនពីកន្លែងកើតហេតុ តែអំឡុងពេលនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ឯបក្សពួកផ្សេងទៀតបានព្យាយាមរត់គេចខ្លួន ក្រោយមកទើបកម្លាំងតាមចាប់បានជនសង្ស័យ២នាក់បន្ថែមទៀត រួមទាំងដកហូតម៉ូតូ៣គ្រឿង​យកមក​ប៉ុស្ដិ៍នគរបាលទំនប់ទឹកដើម្បីធ្វើការសាកសួរហើយដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាងកំពុងឃាត់នៅប៉ុស្ដិ៍នគរបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print