បុរស២នាក់ធ្វើសកម្មភាពជិះម៉ូតូទាញដុំថ្ម , ដុំដី គប់ប្រហារទៅលើទូកមួយគ្រឿង បណ្ដាលឲ្យត្រូវស្រ្ដីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់បានធ្វើសកម្មភាពជិះម៉ូតូពីរគ្រឿងដេញតាមកាក់ផ្លូវ និងទាញដុំថ្ម ,ដុំដី គប់ប្រហារទៅលើទូកមួយគ្រឿង ដែលកំពុងបើកនៅក្នុងព្រែកឃ្លោក បណ្ដាលឲ្យត្រូវស្រ្ដីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលបានចុះទៅអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯស្រ្ដីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ករណីហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ។

ប្រភពពីមន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ ហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាក្រុមការងារគណៈពង្រឹងឃុំត្រើយស្លា ទី២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្ដិសុខសណ្ដាប់ធ្នាប់ផ្សារព្រែកឃ្លោក ។ ជនសង្ស័យទាំង២នាក់មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនិងនេសាទ មានទីលំនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ។

មន្រ្ដីនគរបាលស្រុកស្អាងបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើដំណើរដោយម៉ូតូ២គ្រឿង ឆ្ពោះទៅចំណុចពាមសូរ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ដើម្បីចុះមើល និងបង្រ្កាបបទល្មើសនេសាទ(ឆក់ត្រី) ខណៈជិះតាមផ្លូវក៏ប្រទះឃើញបុរសស្រ្ដី២នាក់ជិះទូកនេសាទនៅក្នុងព្រែក ។ ពេលនោះ ពួកជនសង្ស័យបានឈប់ម៉ូតូសួរនាំ និងឆែកឆេរទៅលើទូកប្រជានេសាទ ភ្លាមនោះ បុរសជាអ្នកបើកទូកមិនបានឈប់ឲ្យត្រួតពិនិត្យទេ ពោលគឺបានបើកបន្ដដំណើរទៅមុខទៀត ។

ដោយខឹងមិនព្រមឈប់ ជនសង្ស័យ២នាក់ខាងលើបានជិះម៉ូតូដេញតាមរហូតដល់ចុងព្រែកឃ្លោក ក៏ចុះស្ទាក់ផ្លូវ និងបានទាញដុំថ្ម ,ដុំដី គប់ប្រហារទៅលើទូកប្រជានេសាទ ទើបបណ្ដាលឲ្យត្រូវស្រ្ដីរងគ្រោះរងរបួសបែកមាត់ បាក់ធ្មេញ យ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលបានចុះទៅអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯស្រ្ដីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

តាមការឲ្យដឹងពីប្ដីស្រ្ដីរងគ្រោះថា នៅមុនពេលកើតហេតុ ខ្លួននឹងស្រ្ដីជាប្រពន្ធបានចេញទូកទៅរាយសន្ទូចនៅក្នុងព្រែកឃ្លោក ខណៈនោះស្រាប់តែមានជនស៊ីវិល២ទៅ៣នាក់ ឈប់ម៉ូតូសួរនាំខ្លួន និងសុំឆែកឆេរទូក ដោយមានការភ័យខ្លាច ខ្លួនក៏បានបើកទូករត់ ។ ភ្លាមៗនោះ ស្រាប់តែជនស៊ីវិលជិះម៉ូតូដេញតាម និងបានស្ទាក់ផ្លូវទាញដុំថ្មគប់ប្រហារមកលើទូករបស់ខ្លួន បណ្ដាលឲ្យត្រូវលើស្រ្ដីជាប្រពន្ធនៅលើទូករងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print