ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១២ វិច្ឆិការ ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការ ឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងខ្លី វែង ដែលក្រុមចោរទិញពីអ្នកទោសនៅគុកព្រៃស និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការបង្ក្រាបបានពីនាក់នោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” ដែលប្រព្រឹត្តនៅ ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី តាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ចំណែកក្រុមចោរប្លន់ដែលធ្វើសកម្មភាពបានសម្រេចកន្លងមកនោះមិនត្រូវបានចោទប្រកាន់ទេ។
ជនត្រូវចោទទី០១ឈ្មោះកែវ ក្រូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឮមិនពិត នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី០២ឈ្មោះសយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិវែង ឃុំ ម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។
លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានអោយដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មានថាមានជនសង្ស័យ ត្រៀមធ្វើសកម្មភាពប្លន់ កងកម្លាំងជំនាញ បាន ចុះប្រតិបត្តិការ បង្រ្កាប ដោយមានបទបញ្ជាពី ឯកឧត្ដមស្នងការ លោកស្នងការរង និងមានការសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កងកម្លាំងជំនាញ បានធ្វើការឆែកឆេរនិងចាប់យកវត្ថុតាង កាំភ្លើងខ្លីម៉ាក CF98-9 លេខ៖ 00498007236 គ្រាប់ចំនួន២០គ្រាប់ សំបកកាទូសចំនួន ០១ អាវុធឆ្នៃបាញ់គ្រាប់កាំកង់០២ដើម ជញ្ជីងថ្លឹងថ្នាំញៀន០១ ម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ០៣កញ្ចប់ធំ ខោអាវប៉ារ៉ា ០១ កំផ្លេរ ឧបករណ៍ប្រើប្រាស់សារធាតុញៀន មួយចំនួន។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយថា ខ្លួនធ្លាប់ឲ្យឈ្មោះសយ ម៉ៅ ភេទប្រុសអាយុ២២ ឆ្នាំ និងឈ្មោះសយ យ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ អ្នកទាំង០២នៅភូមិវែងឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ធ្វើសកម្មភាព យក កាំភ្លើងម៉ាកCF98-9 របស់ខ្លួនទៅប្លន់យក បានម៉ូតូម៉ាក SERUS១គ្រឿង ក្នុងខែ១០ឆ្នាំ២០១៨ មិនចាំថ្ងៃ។
ចំពោះកាំភ្លើងខ្លី ខ្លួនបានទិញពីឈ្មោះល័ក្ខភេទប្រុសអាយុខ្ទង់២៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ទាក់ទងតាមទូរស័ព្ទចេញពីពន្ធនាគារ លក់(តម្លៃ២.០០០ដុល្លារ) ហើយគេប្រាប់ឲ្យខ្លួនទៅយកនៅទំនប់កប់ស្រូវ(ទិញដើមខែ០៨ឆ្នាំ២០១៨)និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ចំពោះមុខជនសង្ស័យមានដីកាចាប់ខ្លួនលេខ៖ ០១០ ដ.ក.ប.ច ខ/១៧ចុះថ្ងៃទី០៣ខែមករាឆ្នាំ២០១៨ ពីបទ៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចេញដោយលោក ចៅក្រមគឹម ម៉េង នៅថ្ងៃទី១០ វិច្ឆិការ ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួនបានឈ្មោះសយ យ៉ានៅចំណុចភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលករណីនេះកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ចាត់ការតាមនីតិវិធី៕ ឆ ដា