ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹងនៃការបណ្ដុះបណ្ដាលផ្នែកបើកបរ សម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព។
ស្របពេលដែលការប្រើប្រាស់ដងផ្លូវចេះតែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះ ក្រុមហ៊ុន អេសស៊ីជី មានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពជា ជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ។ ដូច្នេះ អេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្ត ជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់។
ការបណ្ដុះបណ្ដាល នឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់អេសស៊ីជី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ។
កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរ ទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “នៅឯក្រុមហ៊ុនអេសស៊ីជី យើងមានបទពិសោធន៍ និងចំណេះដឹង ទាក់ទិននឹងការបើកបរដោយសុវត្ថិភាព ពីព្រោះយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ ។ យើងជឿថា ចំណេះដឹងទាំងអស់នេះអាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា។
ជាមួយនឹងជំនាញល្អក្នុងការបើកបរ ដូច្នេះ ដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានចូលរួមជាផ្នែកមួយនៃវគ្គបណ្ដុះបណ្ដាល តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យយើងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បទដ្ឋាននៃការបើកបរនៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរ យានយន្តធុនធ្ងន់ ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជ ធានីភ្នំពេញ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណជាទៅក្រុមហ៊ុនអេសស៊ីជី ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់យើងនៅប្រទេសថៃ ហើយគ្រូបង្គោលនឹងមកបង្រៀនថែមទៀតទៅមន្ត្រី របស់យើង ដើម្បីចូលរួមបង្រៀនអ្នកបើកបររថយន្តធុនធ្ងន់”។
កាលពីឆ្នាំ 2017 គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់បានឆក់យកជីវិតមនុស្សជិត 200 នាក់ក្នុងប្រទេសកម្ពុជា។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា បច្ចុប្បន្ន រថយន្តធុនធ្ងន់ចំនួន 23 ម៉ឺនគ្រឿងត្រូវបានចុះបញ្ជី ប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិតនៃអ្នកមានប័ណ្ណបើកបរនៅមានចំនួនទាបនៅឡើយដែលក្នុងនោះ អ្នកបើកបរយានយន្តធុនធ្ងន់ មានតែ 60%ប៉ុណ្ណោះដែលមានប័ណ្ណបើកបរត្រឹមត្រូវ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា សម្លាប់មនុស្សប្រមាណ៥ នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី ១៥ ទៅ២០នាក់ជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ លើការខូចបង់ទ្រព្យសម្បត្តិ ការព្យាបាល និងការខាតបង់ផលិតភាពការងារ ។ ដូច្នេះ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព៕ ដោយ វឌ្ឍនា