ខេត្តកំពង់ឆ្នាំង ៖ ក្រុមបក្ខពួកក្មេងទំនើង៨នាក់ក្នុងចំណោម១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។
ក្រុមក្មេងទំនើងទាំង៨នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ហាញមុខដល់អ្នកសារព័តមាន
កាលពីល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឡុច សុវណ្ណរ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងមានចំនួន១១នាក់ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបាន៨នាក់ហើយ ។ ក្រុមក្មេងទំនើងទាំងនេះតែងបានធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ។
ការធ្វើសកម្មភាពរបស់ក្មេងទំនើងទាំងនេះ គឺធ្វើឡើងដើម្បីបង្ករអសន្តិសុខតាមផ្លូវ ធ្វើអោយប្រជាពលរដ្ឋខ្លាចរអារ
ក្នុងការធ្វើដំណើរនៅពេលយប់ ក្រោយពីបង្ករបញ្ហារួចហើយនោះ មានរថយន្តឬម៉ូតូមិនអាចទៅមុខរួចឬគ្រោះថ្នាក់ចរាចរណ៍ ពួកវាគឺធ្វើសកម្មភាពលួចសម្ភារៈ លុយកាក់ របស់អ្នកដំណើរតែម្តង ។
លោកស្នងការបានប្រាប់ទៀតថា ក្រុមក្មេងទំនើងទាំងអស់នេះក្រោយពីធ្វើតេស្តទឹកនោមរួចមកឃើញថា សុទ្ធតែជាអ្នកសេពគ្រឿងញៀន ហើយក្នុងចំណោមបក្ខពួកទាំង៨នាក់នេះមានម្នាក់ជាមេខ្លោងក្នុងការធ្វើសកម្មភាពនេះ គឺឈ្មោះ អ៊ុំ ចន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ហើយក្រុមក្មេងទំនើងទាំងនេះគឺសុទ្ធតែរស់នៅក្នុងស្រុកបរិបូរណ៍ទាំងអស់។
ក្នុងពេលធ្វើសកម្មភាពម្តងៗ បង្ករអោយបែកកញ្ចក់រថយន្ត រងរបួសដល់អ្នកបើកបរក្នុងរយៈពេលប៉ុន្មាថ្ងៃនេះ ក្រុមក្មេងទំនើងបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រមាណជាង២០រថយន្ត និងបង្កអោយមនុស្សម្នាក់រងរបួសបែកក្បាលផងដែរ ។
លោកស្នងការសំណូមពរ អោយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដល់ក្រុមក្មេងទំនើងទាំងនេះដើម្បីអោយតុលាការចាត់ការតាមនីតិវិធី ៕ ចន្ថា