ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានព្យាករណ៍អំពីអាកាស ធាតុឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ខ្សោយបាននឹងកំពុងបន្តគ្របដណ្តប់មកលើជ្រោយឥណ្ឌូចិន ។ ទន្ទឹមនឹងនេះ ជ្រលងសម្ពាធទាបនេះ ក៏បាននឹងកំពុងគ្របដណ្តប់មកលើភាគខាងត្បូងនៃប្រទេសកម្ពុជាផងដែរ ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា យោងតាមការព្យាករណ៍ខាងលើនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដូចខាងក្រោមនេះ ៖
-រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងតាមបណ្តាខេត្តនៅតំបន់មាត់សមុទ្រផងដែរ ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់និងអំពាវនាវសូមឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើង ជាយថាហេតុ ៕ សុខ ខេមរា