ខេត្តកណ្តាល៖ មុខសញ្ញារក្សាទុកគ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន ដកហូតបានថ្នាំញៀន១កញ្ចប់ , ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា និងសម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឃុន វីរៈ ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ ទី២-ឈ្មោះ ពុធ មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយគ្នា ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនចនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកចំនួន១កញ្ចប់ ,កាបូបដៃ ពណ៌ខ្មៅចំនួន០១ ,ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បប1.5891 និងសម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបានបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចប៉ូលិសស្រុកស្អាងបានជិះម៉ូតូចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១ B ពីអធិការដ្ឋាននគរបាលស្រុកស្អាងឆ្ពោះទៅព្រំប្រទល់ក្រុងតាខ្មៅ ។ ពេលនេះបានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នា ទើបកម្លាំងល្បាតដេញតាមឲ្យឈប់សុំធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀនមួយកញ្ចប់ដែលជនសង្ស័យលាក់ទុកនៅក្នុងកាបូបដាក់លុយ ក៏ឃាត់ខ្លួនក្រុមជនសង្ស័យវៃខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ