ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សន្តិសខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់។

សភាពការណ៍បទល្មើសពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ៖ លួចកាច់សោម៉ូតូ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់, លិចទូក៧លើក, ផ្ទុះកំប៉ុងហ្គាស ១លើក, គ្រោះថ្នាក់ចរាចរណ៍មួយលើក និងខ្យល់គរ មួយលើក និងបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ១.៩៧៩នាក់​(ស្រី៦៩៥​នាក់) សង្គ្រោះបឋម៣១នាក់(ស្រី១៤នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន១នាក់, បានអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកលិចចំនួន៧គ្រឿង, ជួយសង្គ្រោះក្មេងវង្វេងម្តាយចំនួន២នាក់, ឃាត់ជនស៊ីវិលពាក់អាវមានអក្សរPolice និងARMY ៤នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ,ចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តូបអាជីកម្មចំនួន៨១ទីតាំង និងចែកជូនប្រជាពលរដ្ឋ អាជីវករ ១១៨សន្លឹក, អប់រំណែនាំ អាជីវកម្មកល់ដូរម្ហូបអាហារតាមស្តង់ ឲ្យប្រើប្រាស់អុស-ធ្យូង ជំនួសការប្រើប្រាស់ហ្គាសកំប៉ុង។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក ​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​ ដោយឡែកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។

យ៉ាងណាក៏ដោយកម្លាំងទាំងអស់ត្រូវត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍បានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print