លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍​ច្រកត្រពាំងស្រែវ៉ាលឺ ជំរិត​បង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញបង់ប្រាក់ ក្នុងមួយថ្ងៃៗ រាប់ពាន់រាប់ម៉ឺនដុល្លារ (Video)

ចែករំលែក៖

លោកកើត ដារ៉ាសុី មេនគរបាលអន្តោប្រវេសន៍​ច្រកត្រពាំងស្រែ-វ៉ាលឺ ជំរិត​បង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញបង់ប្រាក់ ក្នុងមួយថ្ងៃៗ រាប់ពាន់រាប់ម៉ឺនដុល្លារ,,,?

ខេត្តក្រចេះ៖ យ៉ាងតិចក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ បាន​នាំទំនិញពីប្រទេសវៀតណាម ពីប្រទេសចិន និងប្រទេសអឺរ៉ុបមួយចំនួនឱទៀតចូលមកកម្ពុជាតាមច្រកអន្តរជាតិ ត្រពាំងស្រែ-វ៉ាលឺ ប៉ុន្តែរងនូវការជំរិត គាបសង្កត់ពីកម្លាំងរបស់លោកកើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បង្កើតឲ្យមានអំពើពុករលួយដ៏រាលដាល និងក្លាយជាវប្បធម៌ដ៏អាក្រក់ ប៉ះពាល់ដល់ថ្នាក់លើយ៉ាងធ្ងន់ធ្ងរផងដែរ ។

ក្រុមឈ្មួញបានបង្ហើបថា នគរបាលអន្តោប្រវេសន៍​មានសិទ្ធិក្នុងការគ្រប់គ្រងកុងត្រូល ដូច្នេះ មិនគិតពីក្នុងម៉ោងរដ្ឋបាល ឬក្រៅម៉ោងរដ្ឋបាល គ្រប់​ក្រុមឈ្មួញទាំង៣ក្រុមហ៊ុន ដែលបាននាំទំនិញចូល និងដឹកបន្តទៅកាន់រាជធានីភ្នំពេញ ក៏ដូចជាទៅតាមបណ្តាខេត្តនានា ត្រូវបានលោកកើត ដារ៉ាសុី តម្រូវឲ្យបង់ថ្លៃក្បាលឡានយ៉ាងតិចមួយឡានចំនួន២៥០ដុល្លារ ទាំងប្រភេទរថយន្តយីឌុប និងរថយន្តកុងតឺន័រ ។ យ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃ ទាំងដឹកពេលថ្ងៃ និងដឹកពេលយប់ មានចំនួនចាប់ពី៣៥គ្រឿង ទៅ៥០គ្រឿង ពេលខ្លះឈានដល់មួយយប់ជិតចំនួន១០០គ្រឿង សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកកើត ដារ៉ាសុី នេះជាប្រចាំ ។

អំពើពុករលួយរបស់លោកកើត ដារ៉ាសុី នាយការិយាល័យអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ពិតជារកចំណូល​ក្នុងប្រយោជន៍បុគ្គល និងបក្ខពួកក្នុងមួយថ្ងៃ បានរាប់ពាន់រាប់ម៉ឺនដុល្លារ ដោយសារការអនុវត្ត តួនាទី ភារកិច្ច ផ្ទុយពី​អនុក្រឹត្យ លេខ៦៨ ក្នុងនោះភារកិច្ចរបស់ខ្លួន មានតួនាទីត្រួតពិនិត្យ​​ ទិដ្ឋាការឆ្លងដែន ពីភ្ញៀវជាតិ និងអន្តរជាតិ ទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ ក៏ដូចជាបទល្មើសឆ្លងដែន និងចូលរួមសហការជាមួយស្ថាប័នប្រមូលពន្ធ ផ្ទុយទៅវិញ លោកកើត ដារ៉ាសុី មានសិទ្ធិគ្រប់គ្រងកុងត្រូល​មាត់ច្រក ទើបធ្វើឲ្យគាត់មានឱកាសតម្រូវឲ្យក្រុមហ៊ុនដឹកជញ្ជូន​ទំនិញបង់ប្រាក់ មានន័យថា អំណាចតួនាទីរបស់លោកកើត ដារ៉ាសុី កំពុងបំពេញភារកិច្ច និងតួនាទី ផ្ទុយពីអនុក្រឹត្យលេខ៦៨ និងរំលោភបំពានសិទ្ធិទៅលើស្ថាប័នដទៃទៀត មានដូចជា ខាងកាំកុងត្រូល ខាងស្នាក់ការរដ្ឋបាលរបស់សាលាខេត្ត ខាងពេទ្យសត្វ និងខាងស្ថាប័នគយ និងរដ្ឋាករថែមទៀត ខណៈខ្លួនគ្មានសិទ្ធិ ពិនិត្យទៅលើប្រភេទទំនិញ ដោយសារតែកិច្ចការទាំងអស់នេះ ត្រូវឆ្លងកាត់ជំនាញកាំកុងត្រូល ពិនិត្យអំពីគុណភាព កាលបរិច្ឆេទនៃការប្រើប្រាស់ ចំណីអាហារមានជាតិពុល ទំនិញជាប់អញ្ញត្តិហាមឃាត់ ដោយឡែក ខាងពេទ្យសត្វ ត្រូវពិនិត្យអំពីសុខភាពសត្វ ឬផលិតផលដែលនាំចូល​មានដើមកំណើតអំពីសត្វ ពិសេសស្ថាប័នគយ គឺជាអ្នកត្រួតពិនិត្យ វាយតម្លៃបង់ពន្ធទៅតាមប្រភេទទំនិញ តាមរយៈឯកសារប្រតិវេទន៍គយ ប៉ុន្តែកិច្ចការទាំងនេះ ត្រូវបានលោកកើត ដារ៉ាសុី មិនដឹងជាយកច្បាប់ពីគ្រហែងមេឃណាទេ តម្រូវ​ឲ្យឈ្មួញចំនួន៣ក្រុមហ៊ុនបង់ប្រាក់ក្បាលឡាន ក្នុងមួយឡានៗចំនួន២៥០ដុល្លារដោយគ្មានការតថ្លៃ ករណីរឹងរូស រឹងទទឹង លោកកើត ដារ៉ាសុី ត្រូវបានបញ្ជាឲ្យ​មន្ត្រីរបស់ខ្លួន បិទបារ៉ាស់ មិនឲ្យទំនិញឆ្លងកាត់រួច តែបើខាងក្រុមហ៊ុនបានបំពេញតាមតម្រូវការទាមទារ ពីលោកកើត ដារ៉ាសុី ហើយនោះ គឺបើកប៉ារ៉ាស់ឲ្យការដឹកជញ្ជូនទំនិញទាំងនោះ មានទាំងក្នុងម៉ោងរដ្ឋបាល ក្រៅម៉ោងរដ្ឋបាល ដោយគ្មានគិតអំពី​ភារកិច្ច និងតួនាទី​របស់ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៨នោះឡើយ ។

ក្រៅអំពីការយកប្រាក់ដោយប្រភេទនេះ លោកកើត ដារ៉ាសុិ មួយរយៈកន្លងទៅ ក៏បានអនុញ្ញាតឲ្យឈើ​ខុសច្បាប់ ក្នុងមួយយប់ៗ ឆ្លងទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឈើ ដោយប្រភេទឡានយីឌុប ដែលបទល្មើសនេះ ជ្រកក្រោមអាជ្ញាប័ណ្ណដឹកជញ្ជូនឈើមានលិខិតអនុញ្ញាត ប៉ុន្តែចំនួនឈើល្មើសច្បាប់ពិតប្រាកដ ដឹកជញ្ជូនលើសពីប៉េសេ យ៉ាងតិចចាប់ពី៥០ទៅ៦០ភាគរយ ប៉ុន្តែដោយសារតែអំពើពុករលួយ លោកកើត ដារ៉ាសុី បានឲ្យកូនចៅរបស់ខ្លួនបើកបារ៉ាស់ឲ្យឈើឆ្លងកាត់ ដោយគ្មានការពិនិត្យវាស់វែង ដឹកជញ្ជូនចូលទាំងយប់ ទាំងថ្ងៃដូចគេហែកឋិន ។

គួររំលឹកផងដែរថា លោក កើត ដារ៉ាសុី គឺជាជនដែលបានប្រព្រឹត្តអំពើពុករលួយ ក្នុងការ​បង្ខំឲ្យឈ្មួញបង់ប្រាក់ តាមរយៈការដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងផ្លុង កន្លងទៅដ៏ល្បីសុះសាយ ប៉ុន្តែដោយឥទ្ធិពលនៃអំណាចទឹក​ប្រាក់ ខ្សែទុយយោ លោកកើត ដារ៉ាសុី នៅតែអង្គុយកៅអីពុករលួយ ហើយមានឥទ្ធិពល មានឱកាសគាបសង្កត់ឈ្មួញ ជំរិតទារប្រាក់ កាន់តែមានសកម្មភាព លើសពីពេលមុន​ និងសឹងក្លាយជាសេដ្ឋី ក្នុងតំណែងជានាយការិយាល័យ នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលីថែមទៀតផង ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមហ៊ុនខាងលើ អង្គភាព«នគរវត្ត»មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេពីលោក កើត ដារ៉ាសុី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។

...

មន្ត្រីថ្នាក់ក្រោមរបស់លោកកើត ដារ៉ាសុី បានលួចបង្ហើបថា លោកកើត ដារ៉ាសុី រកប្រភពចំណូលដ៏ច្រើនបែបនេះ ក៏ត្រូវយកទៅបំពេញប្រភពតម្រូវការរបស់ថ្នាក់លើខ្លាំងណាស់ដែរ ប៉ុន្តែពុំដឹងថា លោកកើត ដារ៉ាសុី ត្រូវចំណាយ​ដោយ​កម្រិតណានោះឡើយ ៕ ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print