ភ្នំពេញ៖ ប្រជាពលរដ្ឋសប្បាយរីករាយ ដែលទទួលបានផ្លូវផ្លូវបេតុងឆ្អឹងដែកប្រវែង១៦០៤ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់១តឹកកន្លះ តផ្ជាប់ពីផ្លូវលេខ៤២ កាត់តាមភូមិ២ក្នុងសង្កាត់ពន្សាំង ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងនោះមានភូមិបឹងខ្នំនិងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
តាមរបាយការណ៍របស់លោកស្រីឌី សារៀម ចៅសង្កាត់ពន្សាំងបានឲ្យដឹងថា គម្រោងផ្លូវដែលត្រូវសម្ពោធបើកការដ្ឋានឱ្យដំណើរការស្ថាបនា នាពេលនេះគឺជាប្រភេទផ្លូវបេ តុងឆ្អឹងដែកប្រវែង១៦០៤ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់១តឹកកន្លះ តផ្ជាប់ពីផ្លូវលេខ៤២ កាត់តាមភូមិ២គឺភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់ របស់សង្កាត់ពន្សាំង ដែលប្រើប្រាស់ថវិការមូលនិធិអភិវឌ្ឍរបស់សាលាខណ្ឌអស់សរុបចំនួន២១៦១លានរៀល។
នៅក្នុងឱកាសនោះលោកសុខ សម្បតិ បានមានប្រសាន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌព្រែកព្នៅ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសភាពជាអ្នកដឹកនាំរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ដែលបន្តបេសកកម្មមិនត្រឹមតែធ្វើឲ្យកម្ពុជាអាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងអាចលុបបំបាត់បាននៅភាពក្រីក្របាន យ៉ាងឆាប់រហ័សក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះថែមទៀតផង។
លោកសុខ សម្បតិ បប្តថា រាល់គម្រោងស្ថាបនាផ្លូវតាមភូមិ/សង្កាត់នានា គឺធ្វើឡើងតាមការមើលឃើញរបស់លោកមេភូមិ ចៅសង្កាត់រាយការណ៍មកខណ្ឌ ហើយខណ្ឌចុះសិក្សាត្រួតពិនិត្យមើលនិងធ្វើសំណើសុំគម្រោងនេះជូនទៅលោក អភិបាលរាជធានីភ្នំពេញបន្តដើម្បីសម្រេច និងស្នើសុំថវិកា ធនាគារ ដូច្នេះការសាងផ្លូវនីមួយៗមិនមែនធ្វើឡើងដោយស្រួលៗ និងឆាប់តាមការចង់បានពីប្រជាពលរដ្ឋភ្លាមៗនោះឡើយ។
លោកបញ្ជាក់ថាផ្លូវដែលមិនទាន់បានបេតុងតាមភូមិខ្លះទៀត សូមប្រជាពលរដ្ឋអធ្យាស្រ័យ ជាបន្តបន្ទាប់មូលលិធិសាលាសង្កាត់ និងសាលាខណ្ឌនឹងធ្វើបន្តជារៀងរាល់ឆ្នាំមិនឲ្យប្រជាពលរដ្ឋលំបាកឡើយ។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលមកចូលរួមពិធីបើកការដ្ឋានផ្លូវនេះចំនួន២ភូមិ គឺភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់បានសប្បាយចិត្ត ជាខ្លាំងនៅពេលដែលអាជ្ញាធរបានចុះមកសម្ពោធបើកការដ្ឋានកសាងផ្លូវបេតុងក្នុងភូមិរបស់ខ្លួន និងទទួលបានស្រះទឹក ព្រមទាំងអណ្តូងទឹក ដែលជាអំណោយរបស់កក្កបាទក្រហមកម្ពុជា និងសម្តេចសេនាភក្តីសាយ ឈុំ ក្នុងឆ្នាំ២០១៥នេះផងដែរ។ជាចុងក្រោយលោកអភិបាលខណ្ឌ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅតាមបណ្តោយផ្លូវ ដែលនឹងស្ថាបនានេះ ឲ្យយោគយល់រាល់ផលប៉ះពាល់ និងសូមជួយសម្រួល ដល់ការស្ថាបនាឲ្យបានអនុវត្តទៅដោយរលូន និងឆាប់រហ័សផង។
បន្ទាប់មកលោកសុខ សម្បត្តិ បានអញ្ជើញទៅពិនិត្យទ្វាទឹកនៅភូមិ ទួលតាកុលក្នុងសង្កាត់ពន្សាំង(ទ្វារទឹកបឹងកាចាប់)ដែលជាទីកន្លែងស្តុកទឹកសម្រាប់ចែកជូនប្រជាពលរដ្ឋធ្វើស្រែរដូវវស្សានិងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទុកគ្រាន់អផយសត្វគោផឹកនៅពេលដែលខ្វះខាតទឹក ជាពិសេសកន្លែងនេះអាចធ្វើជាទីកំសាន្តមួយផងដែរសម្រាប់បងប្អូនដែលមកពីទីជីតឆ្ងាយសំរាកបន្ធូអារម្ភម្តងម្កាលផងដែរ លោកអភិបាលក៏មានគំរោងក្នុងការស្តាប្រឡាយ និងស្ថាបនាទីតាំងទ្វារទឹកមួយនេះអោយកាន់តែប្រសើរឡើងសម្រាប់បំរើដល់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៃខណ្ឌព្រែកព្នៅទាំងមូលផងដែរ ៕
ដោយ៖ ព្រែកជ័យ