ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក យស បូវណ្ណៈ នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី០២ខែធ្នូឆ្នាំ២០១៨។ ដំណើរវិលត្រឡប់មកមាតុភូមិនេះលោកក៏នឹងចូលរួមសម្តែងភាពយន្តតាមការអញ្ជើញរបស់ផលិតកម្មមហាហង្ស ពិសេសតាមការសំណូមពររបស់ទស្សនិកជនដែលចង់ឃើញវត្តមានលោកវិលរកការសម្តែងជាថ្មី។
ចាកចេញពីទឹកដីកំណើតជាង១០ឆ្នាំទៅរស់នៅសហរដ្ឋអាមេរិក លោក យស បូវណ្ណៈ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។ លោកតែងបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីជួបជុំរបស់អ្នកសិល្បៈ ពិសេសកម្មវិធីដែលមានវត្តមានសិល្បករពីកម្ពុជាទៅច្រៀងរាំជូនជនជាតិខ្មែរស្តាប់ និងរាំលេងកម្សាន្តនោះ។ តាមការបញ្ជាក់របស់ផលិតកម្មមហាហង្សបានលើកឡើងថាតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ នឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង១០ នឹង៣០នាទីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨នេះ ដើម្បីចូលរួមសម្តែងខ្សែភាពយន្តឲ្យផលិតកម្មខាងលើ។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចបញ្ជាក់បានលម្អិតនៅឡើយទេថាតើតារារូបនេះនឹងចូលរួមសម្តែងភាពយន្តអ្វីខ្លះ ហើយលោកនឹងត្រូវចំណាយពេលយូរប៉ុណ្ណោះដើម្បីថតភាពយន្តនោះដែរ។ ទោះជាយ៉ាងណាដំណឹងនៃការវិលត្រឡប់មកចូលរួមសម្តែងរបស់តារារូបនេះនឹងអាចឲ្យទស្សនិកជនដែលធ្លាប់គាំទ្រលោកបានឃើញស្នាដៃសម្តែងជាថ្មីរបស់តារារូបនេះ។ គួរបញ្ជាក់ដែរថាលោកយស បូវណ្ណៈធ្លាប់ជាតារាសម្តែងលេចធ្លោរក្នុងវិស័យសិល្បៈក្នុងអំឡុងទសវត្សរិ៍ទី៩០ដែលលោកធ្លាប់រួមសម្តែងជាមួយតារាល្បីឈ្មោះក្នុងសម័យកាលនោះជាច្រើន។ លោកធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួនក្នុងសម័យកាលនោះមានដូចជារឿង “បិទភ្នែកហែកទ្រូង” (សម្ដែងជាមួយ អ្នកនាង អម្ពរ ទេវី ),រឿង “ព្រាននារីអស់លក្ខណ៍” (សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី) , រឿង “ទាសីស្នេហ៍” (សម្តែងរួមជាមួយ ចាន់តារាទី) និងក្រោយៗមកទៀត ជាមួយ អ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត។ភាពយន្តដែលធ្វើឲ្យទស្សនិកជនចងចាំលោកមិនភ្លេចនោះគឺរឿង”ព្រានព្រៃដំរីដេញ”ដែលបានចាប់ដៃគូសម្ដែង ជាមួយនឹងលោកស្រី កែវ កល្យាណ។ អតីតតារាភាពយន្តលោក យស បូវណ្ណៈ មានវ័យជាង៥០ឆ្នាំហើយលោកកំពុងរស់មូលប្រពន្ធកូននៅសហរដ្ឋអាមេរិក៕ ដោយ វឌ្ឍនា
យស បូវណ្ណៈ វិលមកកម្ពុជាថ្ងៃអាទិត្យនេះដើម្បីថតភាពយន្តជាថ្មី
...