ខេត្តកំពង់ចាម៖ លោក ផេង សារេត ប្រធានប្រតិភូដឹកនាំកីឡាជនពិការរបស់មជ្ឈមណ្ឌលជនពិការ កម្ពុជា តំណាងលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់ អ្នកយកព័ត៌មាន នគរវត្ត តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ពីខេត្តកំពង់ចាមមកថា កីឡាករ ជនពិការ ឈ្មោះ យូ សុផា មកពីក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយមាស ១គ្រឿង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែធ្នូឆ្នាំ២០១៥ទៅ ពោលគឺមុនថ្ងៃសម្ពោធមជ្ឈមណ្ឌលហែលទឹកតេជោសែនចំនួន១ថ្ងៃ លើវិញ្ញាសា ហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីដោយប្រើថិរវេលា៣៦វិនាទី០៥។
លោកបានបន្តទៀតថា ដោយឡែក កីឡាករ យ៉ាវ វណ្ណៈ មកពីក្លិបជ្រោយចង្វាទទួល បានចំ ណាត់ថ្នាក់លេខ២នៃពានរង្វាន់សម្តេចតេជោលើកទី១ ហែលរបៀបសេរី ចម្ងាយ៥០ម៉ែត្រ ប្រើថិរវេលា ៣៦វិនាទី២៦ និងចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ សៀង សុខណា មកពីសមាគមកីឡា ក្រសួងមហាផ្ទៃហែលចម្ងាយ៥០ម៉ែត្រ ប្រើថិរវេលា ៣៨វិនាទី ៨៩។
ចំណែកឯការប្រកួត របស់កីឡាករ កីឡាការិនី ដែលមិនមែនជាជនពិការ ក៏បានបញ្ចប់ខ្លះៗ ហើយដែរ មានដូចជា វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ កុមារីអាយុ១៣ឆ្នាំឡើង ចំណាត់ ថ្នាក់លេខ១ បានទៅលើកុមារី ប៊ូ ទីងហ៊ុយ មកពីក្លិបជ្រោយចង្វា ប្រើថិរវេលា៤៨វិនាទី០៧។ វិញ្ញាសា ហែលរបៀបមេអំបៅបុរសអាយុក្រោម១៨ឆ្នាំ ចម្ងាយ៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ហារី ពិសិដ្ឋ មកពីក្លិបព្រឹទ្ធាចារ្យហែម ថុន ប្រើថិរវេលា ៣១វិនាទី ៤៣។
វិញ្ញាសាហែលរបៀបកង្កែបនារីចម្ងាយ៥០ម៉ែត្រ អាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ប៊ូ ទីងហ៊ុយ ក្លិបជ្រោយចង្វា ប្រើថិរវេលា៤៧វិនាទី១៣និងវិញ្ញាសា ហែលផ្ងារចម្ងាយ៥០ម៉ែត្របុរសអាយុ១៨ឆ្នាំឡើងចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ លឹម ឧត្តម មកពីក្លិបព្រឹទ្ធាចារ្យហែមថុន ប្រើថិរវេលា១នាទី០៨វិនាទី៣៨ និង វិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រ កុមារាអាយុក្រោម១៣ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅ កីឡាករ មនត្រស ផានសុវណ្ណអារុន មកពីក្លិប ព្រឹទ្ធាចារ្យហែមថុន ប្រើថិរវេលា៤២វិនាទី៤៩ ។
វិញ្ញាសាហែលកង្កែបផ្នែកនារីចម្ងាយ១០០ម៉ែត្រ អាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ ១បាន ទៅលើកីឡាការិនី សុខ វលក្ខណ៍ មកពីក្លិបក្រសួងមហាផ្ទៃ ប្រើថិរវេលា១នាទី២០វិនាទី៨០ និង វិញ្ញាសា ហែលកង្កែបផ្នែកបុរសអាយុក្រោម១៨ឆ្នាំ ចម្ងាយ១០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ឆោម ច័ន្ទថន មកពីក្លិបក្រសួងមហាផ្ទៃ ប្រើថិរវេលា ១នាទី២២ វិនាទី០២ និង វិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ របៀបសេរីនារីអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅ កីឡាការិនី ប៊ុន រក្សា ប្រើថិរវេលា ១នាទី១៩វិនាទី៩០ ។
វិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រសេរីបុរសអាយុក្រោម១៨ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ហារី ពិសិដ្ឋ មកពីក្លិបព្រឹទ្ធាចារ្យ ហែម ថុន ប្រើថិរវេលា២៦វិនាទី ៩៤ និងវិញ្ញាសា ហែលចម្ងាយ ៥០ម៉ែត្រសេរីនារីអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ប៊ុន រក្សា មកពីក្លិប ក្រសួងមហាផ្ទៃ ប្រើថិរវេលា៣៥វិនាទី០៨ និងវិញ្ញាសា ហែលចម្ងាយ៥០ម៉ែត្រ កុមារាអាយុក្រោម ១៣ឆ្នាំរបៀបសេរីចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ មនត្រស ផានសុវណ្ណអារុន ប្រើថិរវេលា ៣២ វិនាទី ៧៩ ។
លោក ផេង សារេត បញ្ជាក់ថា កីឡាករកីឡាការិនីជនពិការ របស់មជ្ឈមណ្ឌលជនពិការកម្ពុជា បានបញ្ចប់វិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រហើយ ប៉ុន្តែនៅរសៀលថ្ងៃទី ២ខែធ្នូឆ្នាំ២០១៥ក៏មាន ការ ប្រកួតលើវិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រសម្រាប់ជនពិការ ចំនួន៨ខ្សែបន្ទាត់បន្ថែមទៀតដែរ ៕
ដោយ៖ សារីម