ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ធ្វើការដេញចាប់ជនសង្ស័យ២នាក់តាំងពី សង្កាត់ព្រៃសរ ខណ្ឌដង្កោ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ រហូតមកចំណុចម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏មានការផ្ទុះអាវុធចំនួន៥គ្រាប់ បណ្ដាលឲ្យជនសង្ស័យម្នាក់រងរបួសជើង និងម្នាក់ទៀតរត់គេចខ្លួន ។
តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការណ៍ករណីខាងលើនេះ បានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់កំពុងផឹកសុីនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ ហើយពួកគេបានដកកាំភ្លើងម៉ាក ឡុក សំញ៉ែដល់អ្នកដ៏ទៃ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចឃើញ និងជាជនសង្ស័យផង ក៏មានខ្លួននាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងចេញពីកន្លែងផឹកសុី រត់រហូតទាំងមានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ដេញតាមពីក្រោយ ខណះមកដល់ផ្លូវទាល់ម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជនសង្ស័យក៏ដកកាំភ្លើងបាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ ហើយត្រូវសមត្ថកិច្ចបាញ់វិញមួយគ្រាប់ចំជើងម្ខាងបណ្ដាលឲ្យដេកដួលលើម៉ូតូ ហើយសមត្ថកិច្ចបានចាប់វ៉ៃខ្នោះ និងដកហូតកាំភ្លើងខ្លីម៉ាកឡុកមួយដើម ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានដឹកបញ្ចូនជនសង្ស័យដែលរបួសជើងទៅកាន់មន្ទីពេទ្យ រង់ចាំធ្វើសាកសួរបន្តនៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ