បន្ទាប់ពីបារាំង ដល់ពលរដ្ឋ អូទ្រីសវិញម្តង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

បើទោះបីបាតុកម្មនៅក្នុងប្រទេសបារាំង បានថយកម្តៅ ដោយមានចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្មធ្លាក់ចុះ កាលពីចុងសប្តាហ៍កន្លងមក ប៉ុន្តែបាតុកម្មនោះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសជិតខាង ធ្វើតាម ក្នុងនោះមានប្រទេសអូទ្រីសជាដើម។

ប៉ូលិស ប្រទេសអូទ្រីស បានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ថា មានពលរដ្ឋជាង១៧ ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុង Vienna ប្រឆាំងរដ្ឋាភិបាល ។

ចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្ម លើសពីការរំពឹងទុក របស់អ្នកដឹកនាំបាតុកម្ម ដោយពេលដំបូង គិតថា អាចនឹងមានពលរដ្ឋ ប្រមាណជាង១០ពាន់នាក់ចូលរួមតែប៉ុណ្ណោះ ។ អ្នកដែលចូលរួមធ្វើបាតុកម្មភាគច្រើន ប្រឆាំងនឹងគោលនយោបាយជនភៀសខ្លួនរបស់រដ្ឋាភិបាល ។ ក្រៅពីនេះ បាតុករ ក៏បានស្នើឲ្យកាត់បន្ថយថ្ងៃធ្វើការ ។

បាតុកម្មបានធ្វើឲ្យផ្លូវថ្នល់ជាច្រើន នៅទីក្រុង វៀននា ជាប់គាំង ប៉ះពាល់យ៉ាងធ្ងន់ដល់សកម្មភាព ចរាចរណ៍របស់ពលរដ្ឋ ប៉ុន្តែមិនមានរឿងអាក្រក់ណាមួយកើតឡើងនោះឡើយ ។ បាតុកម្មបានធ្វើឡើង នៅក្នុងប្រទេសនេះ ចំពេលខួបគម្រប់១ឆ្នាំថ្ងៃរដ្ឋាភិបាលសម្ពន្ធមិត្តឡើងកាន់អំណាច ។

បាតុកម្មនៅអូទ្រីស ត្រូវបានគេចាត់ទុកថា ជាការឆ្លងរាលដាលនៃមហាបាតុកម្មនៅក្នុងប្រទេសបារាំង ដោយក្រុមបាតុករនៅបារាំងទទួលបានជោគជ័យ នៅក្នុងការបង្ខំឲ្យរដ្ឋាភិបាល យោគយល់ដល់បាតុករ អនុវត្តទៅតាមការចង់បានរបស់ពលរដ្ឋ ។

បាតុកម្ម អាវកាក់លឿង នៅបារាំង បានរាលដាលដល់ប្រទេសជិតខាង ក្នុងតំបន់អឺរ៉ុបក្នុងនោះ កាលពីថ្ងៃទី១៦ ខែធ្នូ នៅក្នុងប្រទេសអ៊ីតាលី ក៏មានបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលផងដែរ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print