ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដNAVARA និងមាននារីម្នាក់រួមដំណើរជាមួយក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងផងនោះក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូងបាក់អស់៥កង់ បណ្ដាលឲ្យរថយន្តនិងរបាំងថ្មរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតស្ទុបដីអិនប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តNAVARA ពណ៌ប្រផះ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.1250 បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាជោគជាំ រួមដំណើរដោយនារីម្នាក់ទៀត ហើយបានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ខណៈពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតមកបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន២កង់ ហើយរថយន្តបង្កបានបន្ថែមទៅបុករបាំងថ្មដែលនៅពីមុខគ្នាប្រហែល២០ម៉ែត្រអស់ចំនួន៣កង់ទៀត បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ តែក្នងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
...
ដោយ៖ សុខាសែនជ័យ