អង្គភាពអគ្គនាយកដ្ឋានពន្ធដារ សម្រេចឲ្យចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀនហេឡូអាមេរិកាំង ដើម្បីរកយុត្តិធម៌ឲ្យបុគ្គលិក

ចែករំលែក៖

ភ្នំពេញ​ ៖ មានការគាំទ្រពីចំណាត់ការរបស់លោក​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារមានចំណាត់ការប្រកប​ ដោយភាពទទួលខុសត្រូវ គឺជាការឆ្លើយតបទៅ​ នឹងបណ្តឹងរបស់ អាព្យាបាលរបស់ជនជាប់ចោទ ឈ្មោះ នូ លាងហាន ដែលសំណូមពរឲ្យ អគ្គនាយកដ្ឋានពន្ធដា ចុះពិនិត្យ និងស្រាវជ្រាវ លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ក្នុងនោះខាងអគ្គនាយកដ្ឋានពន្ធដា បានចេញលិខិតមួយដោយបញ្ជាក់ថា ៖ ស្ថាប័នមួយនេះ សម្រេចចុះស្រាវជ្រាវតាមសំណើរ ដើម្បីរកឲ្យឃើញការពិត។

យោងតាមលិខិត លេខ ១៩៨២៥ អ.ព.ដ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា បានជម្រាបទៅ លោកស្រី គង់ ភា និងលោក នូ គម ជាអាណាព្យាបាល របស់ ជនជាប់ចោទឈ្មោះ នូ លាងហាន ថា ស្ថាប័នរបស់លោក នឹងចុះពិនិត្យ និងស្រាវជ្រាវ ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដែលមានទីតាំង អគារលេខ ៥៩៧ និង៥៩៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខសាលាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព ក៏ដូចជាទប់ស្កាត់នូវការគេចវេះ និងបន្លំពន្ធ និងពង្រឹងនូវអនុឡោមភាពសារពើពន្ធ។

គួររំឮកថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ លោកស្រី គង់ ភា និងលោក នូ គមអាព្យាបាល របស់ជនជាប់ចោទ ឈ្មោះ នូ លាងហាន បានដាក់បណ្តឹងចូល អង្គភាព អគ្គនាយកដ្ឋានពន្ធដា ឲ្យជួយ ចុះត្រួតពិនិត្យ និងធ្វើសវនកម្ម លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដែលមានម្ចាស់ឈ្មោះ គង់ សម្បត្តិ ដើម្បី រកឲ្យឃើញថា តើលោក គង់ សម្បត្តិ ថៅកែហាងស៊ុប បានធ្វើរបាយការណ៍ចំណូល យកទៅបង់ពន្ធជូនរដ្ឋ ដូចលោកថៅកែចិត្តធម៌រូបនេះធ្វើរបាយការណ៍ចំណូលយកទៅប្តឹងកូនពួកគាត់ដាក់គុកដែរឬទេ?
ការសម្រេចដាក់ពាក្យប្តឹងទៅ អគ្គនាយកពន្ធដា ឲ្យជួយពិនិត្យ និងធ្វើសវនកម្ម លើការបង់ពន្ធរបស់ហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដើម្បីរកឲ្យឃើញ ការពិតពីចំណូលប្រចាំខែ ដែលអាចជាភស្តុតាងថ្មី ដាក់ជូនតុលាការ មុនពេលសម្រេចសេចក្តី លើជនជាប់ចោទ ដែលជាអនីតិជន និងជាអតីតបុគ្គលិក ហាងស៊ុបរបស់ថៅកែ គង់ សម្បត្តិ។

លោក គង់ សម្បត្តិ ដែលគេស្គាល់ថា ជាថៅកែសាលារៀន ហេឡូអាមេរិកាំង (Hello American School) សាលារៀន រ៉ូយ៉ាល់ អ៊ីនធឺខន (Royal Intercon School) និងជាថៅកែហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) និងជាអនុប្រធានការិយាល័យកិច្ចការអាស៊ាន នៃ អគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងទំទំព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ក្របខណ្ឌ (ក 2-2)ចូលបម្រើការ ថ្ងៃថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៩ និងមានអត្តលេខ ១៧៤០២០០០១១។
គួររំលឹកថា លោក គង់ សម្បត្តិ ថៅកែហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ បានប្តឹងឲ្យ សមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទឈ្មោះ នូ លាងហាន យកទៅដាក់គុក ដោយចោទប្រកាន់ថា ជនជាប់ចោទជាអនីតិជនរូបនេះ បានលួចលុយ របស់ហាងស៊ុប អស់ ចំនួន ៨១,៥៩៣.៩២ ដុល្លារ ក្នុងរយៈពេល ៣ខែ ដែលជនជាប់ចោទធ្វើការ ឲ្យលោកថៅកែ គង់ សម្បត្តិ ដោយគ្មានកិច្ចសន្យាការងារ និងចោទថាបានយកលុយទៅផ្ទះនៅបុរីមួយក្នុងរាជធានីភ្នំពេញ។

លោក គង់ សម្បត្តិ ថៅកែហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) បានប្រាប់អង្គភាព«នគរដ្រេហ្គន​»តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ថា៖ ពិតជាមានលិខិតខាងអង្គភាព អគ្គនាយដ្ឋានពន្ធដារ នឹងត្រូវចុះមកធ្វើសវនកម្ម តាមពាក្យបណ្តឹងនោះពិតប្រាកដមែន ហើយលោកក៏ត្រៀមរៀបចំឯកសារជាស្រេចដើម្បីអោយខាងពន្ធដារពិនិត្យ ខណៈហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) និងសាលារៀន ហេឡូអាមេរិកាំង (Hello American School) សាលារៀន រ៉ូយ៉ាល់ អ៊ីនធឺខន (Royal Intercon School) បានបង់ពន្ធតាមច្បាប់។

រឿងដ៏កម្រមួយនេះ ត្រូវបានគេគាំទ្រពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលបានផ្តល់ភាពយុត្តិធម៍ដល់ពលរដ្ឋ អោយមានសិទ្ធស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីឆ្លើយតបទៅថៅកែហាង និងជាថៅកែសាលាឯកជន ពិសេសជនជាប់ចោទចង់អោយរដ្ឋបានចំណូលពន្ធពីហាង ឬសាលាដែលប្រកបអាជីវកម្មបង់ពន្ធដារមិនគ្រប់ ឬចេតនាបំបាត់ពន្ធរដ្ឋណា១នោះ​ ៕​ ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print