ខេត្តកណ្តាល៖ បុរសម្នាក់កំពុងរាវលៀសជាមួយប្រពន្ធឃើញកូនរបស់ខ្លួនលង់ទឹក ក៏ប្រញាប់ចុះទៅជួយ ខណៈជួយសង្រ្គោះកូនបានហើយនោះបែរជាខ្លួនឯងលង់ទឹកវិញម្តង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម បើទោះបីជាស្ត្រីជាប្រពន្ធព្យាយាមជួយយ៉ាងណាក៏នៅតែមិនបាន ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង១៩នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចប្រឡាយមេទឹកទួលកណ្តាល ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ែន វ៉ុនអាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ និងនេសាទ មានប្រពន្ធឈ្មោះ ហួត តឿ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានកូនប្រុស២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានទៅរាវលៀសជាមួយស្ត្រីជាប្រពន្ធ និងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតឈ្មោះ រី រុន ស្រីអាយុ៥២ឆ្នាំ នៅត្រង់ចំណុចប្រឡាយមេទឹកទួលកណ្តាល ។ ពេលទៅដល់គោលដៅហើយនោះជនរងគ្រោះនិងស្ត្រីជាប្រពន្ធ-កូន ព្រមទាំងអ្នកជិតខាងម្នាក់ទៀតនោះបានចែកកន្លែងគ្នា ដើម្បីរាវលៀស ។ គ្រានោះកូនប្រុសរបស់ជនរងគ្រោះបានលង់ទឹក ឃើញដូច្នេះជនរងគ្រោះបានចូលទៅជួយកូនប្រុសរួចផុតពីការស្លាប់ តែបែរជាលង់ខ្លួនឯងលិចចូលទៅក្នុងទឹកស្លាប់យ៉ាងអណោចអធ័ម បើទោះបីជាស្ត្រីជាប្រពន្ធព្យាយាមជួយយ៉ាងណាក៏នៅតែមិនបាន ។
សមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ