ភ្នំពេញ ៖ រថយន្តបង្កម៉ាកព្រូសមួយគ្រឿង បានធ្វើដំណើរមកគៀរព្រះសង្ឃ២អង្គកំពុងជិះម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ និងតៃកុងម៉ូតូម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលវេលាម៉ោង០៧ និង៣៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុងព្រៃសរ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសម្ដីតៃកុងម៉ូតូដែលដឹកព្រះសង្ឃបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ដោយដឹកព្រះសង្ឃ២អង្គ មកសួរសុខទុក្ខសាច់ញាតិ នៅក្នុងបុរីមួយកន្លែង ចម្ងាយពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះ ។ លុះពេលធ្វេីដំណេីរមកដល់ផ្លូវបេតុងកើតហេតុខាងលើ ស្រាប់តែមានរថយន្ត TOYOTA PRUIS មួយគ្រឿង ពណ៌ស (មិនចាំស្លាកលេខ) បើកបរបញ្រាស់ទិសគ្នា ក្នុងល្បឿនលឿន ហើយបានរេចង្កូតមកគៀរជាមួយម៉ូតូរបស់គាត់ទាំងកំរោល បណ្តាលឲ្យព្រះសង្ឃមួយអង្គខ្ទាតប៉ើងបោកនឹងថ្នល់ និងមួយអង្គទៀតបានផ្ទប់ជាមួយរថយន្តនិងថ្នល់រងរបួសធ្ងន់ទាំង២អង្គ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់ចុះទៅដឹកមកព្យាបាលរបួសផងដែរ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួន រហូតដល់ចំណុចជិតវត្តឬស្សីសាញ់ ទេីបលឺដំណេីរថាមានអ្នកជួយតាមឃាត់បានហេីយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យផងដែរ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដង្កោ មកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ