ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយផ្ដើមចេញពីករណីឆក់ទូរស័ព្ទដែលបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ តែក្រោយពីកើតហេតុជនសង្ស័យចំនួនពីរនាក់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តនន្ទមន្នី តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលត្រូវជនរងគ្រោះចោទថាជាម៉ូតូរបស់ចោឆក់នោះម៉ាក ហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៦ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GB-1295 ជិះគ្នាពីរនាក់ គេចខ្លួនបាត់។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-7821 ជិះគ្នា៣នាក់ របួសធ្ងន់ពីរនាក់និង(ស្រាលម្នាក់) ។
បើតាមសម្ដីបុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដោយរូបគាត់ជាអ្នកអង្គុយនៅខាងក្រោយគេ និងកំពុងតែនិយាយទូរស័ព្ទផងដែរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមន្នីរ៉េតទិសដៅពីលិចទៅកើត ខណះពេលដែលជិះជិតដល់វត្តនន្ទមន្នី ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឆក់ទូរស័ព្វរបស់តែមិនបានសម្រេច ភ្លាមៗនោះរូបគាត់ក៏ស្រែកនិងបន្ថែមល្បឿនជិះដេញជនសង្ស័យនិងធាក់បណ្ដាលអោយម៉ូតូទាំងពីរគ្រឿងជ្រុលបុកគូទរថយន្ដកុងតឺន័រដែលកំពុងឈប់ស្ងាមបណ្ដាលអោយរងរបួសទាំងអស់គ្នាតែម្ដង។
ប្រភពបន្តទៀតថា ខណៈរូបគាត់កំពុងជាប់ក្រោមរថយន្ដធ្វើអោយក្រុមជនសង្ស័យមានឱកាស់ឡើងម៉ូតូរបស់បក្ខពួកផ្សេងទៀតគេចខ្លួនបាត់។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដបន្ទាន់ដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងនិងរថយន្ដសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ