ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលស្រុកមេមត់ បានប្រកាសជូនដំណឹងដល់ សាធារណជនណាដែលបានប្រទះឃើញជនសង្ស័យ (ភ្ជាប់ជាមួយរូប) ឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជននេះនៅតែមិនរាងចាល បន្តប្រព្រឹត្តបទ ល្មើសនានាដែលខុសនឹងច្បាប់ ។
យោងតាមការប្រកាសរបស់លោកអធិការនគរបាលស្រុកមេមត់ឲ្យដឹងថា សុំប្រកាសតាមចាប់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ នៅខេត្តកំពង់ចាម ដោយប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់) ត្រូវបានដោះលែងឲ្យមករស់នៅទីកន្លែងកំណើតរបស់ ខ្លួនដើម្បីធ្វើជាពលរដ្ឋធម្មតា ប៉ុន្តែជននោះមិនបានបញ្ឈប់ការប្រព្រឹត្តបទល្មើសនានាដែលខុសនឹងច្បាប់ឡើយ ។
លោកអធិការថា ការប្រកាសតាមរកចាប់ខ្លួននេះ គឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦២ ចុះថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ របស់លោក ផុន វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឲ្យពិនិត្យលើឈ្មោះ យ៉យ គឹមហន ភេទប្រុស ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្តនៅភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បទល្មើសព្រហ្មទ័ណ្ឌដែលមានចែង និងបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ៣៥៣,៣៥៧ នៃក្រមព្រហ្មទ័ណ្ឌ ។
លោកអធិការនគរបាលស្រុកមេមត់ក្រៅពីប្រកាសដល់សាធារណៈជនរូបណាមួយដែលបានឃើញជនសង្ស័យមានភិនភាគដូចក្នុងរូប និងបានដឹងពីកន្លែងលាក់ខ្លួនជននេះ ថែមទាំងផ្តល់រង្វាន់លើកទឹកចិត្តជាទីគាប់ចិត្តដល់ សាធារណៈជនណាដែលសហការជាមួយសមត្ថកិច្ចយើងដើម្បីធ្វើការចាប់ខ្លួនជននោះ និងរក្សាការសម្ងាត់ជូន បងប្អូនជានិច្ច ។
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 097 77 80 047 , 077 77 09 77 ៕ ដោយ ៖ វណ្ណៈ