អសន្តិសុខនៅលើពិភពលោក និងសង្គ្រាមពាណិជ្ជកម្ម អាមេរិកចិន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសេដ្ឋកិច្ចពិភពលោក ។ ប៉ុន្តែតំបន់អាស៊ី មិនរងផលប៉ះពាល់ច្រើនដោយសារតែបញ្ហាទាំងនោះឡើយ ។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្យាការណ៍ ពីកំណើតសេដ្ឋកិច្ចតំបន់អាស៊ីមានភាពល្អប្រសើរជាងតំបន់នានានៅលើពិភពលោក។
យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំតំបន់ចុងក្រោយរបស់ធនាគារពិភពលោក បានឲ្យដឹងថា ទោះបីជាបរិយាកាសខាងក្រៅមានអំណោយផលតិចតួចក្តី ក៏កំណើនសេដ្ឋកិច្ចសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានគេព្យាករណ៍ថា នៅតែមានភាពល្អប្រសើរដដែល។
នៅក្នុងឆ្នាំ ២០១៨ កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានចំនួន ៦,៣ភាគរយ ទាបជាងក្នុងឆ្នាំ ២០១៧ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅបន្តកើនឡើងក្នុងកម្រិតធម្យម ស្របពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងបន្តមានតុល្យភាពឡើងវិញ ។នៅក្នុងឆ្នាំ ២០១៩ សេដ្ឋកិច្ចតំបន់អាស៊ី ក៏មានកំណើត ប្រហាក់ប្រហែល ឆ្នាំ២០១៨ ហើយប្រសិនបើអាមេរិកនិងចិនមានដំណោះស្រាយ បញ្ចប់វិបត្តិពាណិជ្ជកម្ម នោះតំបន់អាស៊ីនិងមានកំណើនខ្ពស់ជាងនេះ ។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចដែលមានសភាពរឹងមាំ បាននិងកំពុងបន្តក្លាយជាកូនសោរគន្លឹះមួយ សម្រាប់កាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅក្នុងតំបន់នេះ។ ការការពារនិយមនិងអស្ថេរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុ អាចប៉ះពាល់ដល់លទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម ជាមួយនឹងផលវិបាកធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋក្រីក្រតោកយ៉ាកនិងងាយរងគ្រោះបំផុត។ នេះគឺជាពេលវេលាមួយសម្រាប់អ្នកតាក់តែងគោលនយោបាយនានានៅទូទាំងតំបន់នេះដើម្បីបន្តយ៉ាងប្រុងប្រយ័ត្ន និងបង្កើនការត្រៀមបង្ការនិងភាពធន់នៃប្រទេសរបស់ខ្លួន»។
កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មិនរាប់បញ្ចូលប្រទេសចិន ត្រូវបានគេរំពឹងថា នៅរក្សាបានលំនឹងក្នុងកម្រិតជាង ៥ភាគរយ ចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០ ដែលកំណើននេះកើនឡើងជាចំបងដោយសារមានតម្រូវការក្នុងស្រុកខ្ពស់។ កំណើនរបស់ប្រទេសថៃ និងវៀតណាម ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំនៅក្នុងឆ្នាំ ២០១៩ មុននឹងធ្លាក់ចុះយឺតៗនៅក្នុងឆ្នាំ២០២០ ដោយសារតែបរិមាណតម្រូវការក្នុងស្រុកដែលរឹងមាំជាងគេនោះអាចទប់ទល់ទៅនឹងកំណើននាំចេញសុទ្ធដែលមានល្បឿនមធ្យមបានតែមួយផ្នែកប៉ុណ្ណោះ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីគួរតែនៅថេរដោយសារតែលទ្ធភាពវិនិយោគនិងការប្រើប្រាស់ជាលក្ខណបុគ្គលមានភាពល្អប្រសើរជាងមុន។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វ៊ីលីពីនក្នុ្ងងឆ្នាំ ២០១៩ នឹងទំនងជាមានសភាពកើនឡើងយឺត ក៏ប៉ុន្តែ ការពង្រីកការវិនិយោគសាធារណៈដែលបានរំពឹងទុក នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងរយៈពេលមធ្យម។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងថយចុះ ដោយសារតែកំណើននៃការនាំចេញធ្លាក់ចុះ និងវិនិយោគទុនសាធារណៈ ថយចុះទាបទៅៗ ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចៗនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅតែមានភាពរឹងមាំ ក្នុងកម្រិតមធ្យមជាង ៦ភាគរយប្រចាំឆ្នាំ សម្រាប់ប្រទេស ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា។ កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅលើកោះប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងនៅថេរ ទោះបីជាប្រទេសទាំងនេះងាយទទួលរងនូវផលប៉ះពាល់ដោយសារគ្រោះធម្មជាតិច្រើនក្តី។
លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានមានប្រសាសន៍ថា «ការធ្វើសមាហរណកម្មតំបន់និងពិភពលោកនៃប្រទេសភាគច្រើននៅក្នុងតំបន់នេះ ជួយពង្រឹងភាពងាយរងគ្រោះរបស់ប្រទេសទាំងនេះទៅនឹងផលប៉ះពាល់ពីកត្តាខាងក្រៅ។ហានិភ័យសំខាន់ៗដែលអាចកើតមានឡើងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលកំពុងបន្តកើនឡើងរួមមានការកើនឡើងនៃការការពារនិយមកំណើននៃអស្ថិរភាពទីផ្សារហិរញ្ញវត្ថុនិងទំនាក់ទំនងជាមួយភាពងាយរងគ្រោះផ្នែកសារពើពន្ធនិងហិរញ្ញវត្ថុក្នុងស្រុក»។
លោក សេតទី បានមានប្រសាសន៍បន្ថែមទៀតថា «នៅក្នុងបរិបទនៃការកើនឡើងហានិភ័យនេះ ប្រទេសកំពុងអភិវឌ្ឍនានានៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ចាំបាច់ត្រូវប្រើប្រាស់នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រៀមបង្ការ និងគោលការណ៍រចនាសម្ព័ន្ធដែលមាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ និងបង្កើនអត្រាកំណើនដែលមានសក្តានុពល»។
សម្រាប់ប្រទេសនានានៅលើកោះប៉ាស៊ីហ្វិក របាយការណ៍នេះបានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់ក្នុងការផ្តោតការយកចិត្តទុកដាក់លើការថែរក្សានិរន្តរភាពសារពើពន្ធនិងបំណុល ខណៈដែលកំពុងបន្តពង្រឹងភាពធន់របស់ខ្លួនទៅនឹងគ្រោះមហន្តរាយ។ កិច្ចប្រឹងប្រែងបន្តក្នុងការពង្រឹងគោលនយោបាយបំណុលនិងការគ្រប់គ្រងបំណុល ការកែលម្អការគ្រប់គ្រងធនធានធម្មជាតិ និងការបង្កើនគុណភាពនៃចំណាយ នឹងមានសារៈសំខាន់ចំពោះការកែលម្អនិរន្តរភាពបំណុល។ ការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនាពេលអនាគត នឹងទាមទារនូវការកសាងប្រព័ន្ធការពារសារពើពន្ធ កែលម្អការត្រៀមបង្ការ គ្រប់គ្រង និងកាត់បន្ថយវិបត្តិ និងពង្រីកយន្តការការពារសង្គមដែលបានកំណត់។
ចំពោះតំបន់អាស៊ានវិញ មានលំនឹងសេដ្ឋកិច្ច យ៉ាងល្អបំផុត បានទាក់ទាញប្រទេសមហាអំណាចសេដ្ឋកិច្ច មកកាន់តំបន់នេះ។ អាស៊ាន កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សះផ្សា វិបត្តិ នៅជុំវិញពិភពលោក ទាំងសន្តិសុខ និងសេដ្ឋកិច្ច ។ ជាក់ស្តែងការៀបចំជំនួបកំពូលលើកទីពីររវាងលោកត្រាំនិង គីមជុងអ៊ុននៅទីក្រុងហាណូយជាដើម៕