ខេត្តកណ្តាល៖ បុរសម្នាក់ស្លាប់យ៉ាងអណោចអធ័មនៅលើផ្លូវជាតិលេខ៤ ដោយឡែកនារី២នាក់ទៀតដែលរួមដំណើរជាមួយរួចផុតពីគ្រោះថ្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកកៀរម៉ូតូជនរងគ្រោះបណ្តាលអោយដួលខ្ទាតទៅលើទ្រូងផ្លូវ គ្រានោះរថយន្តកាំម៉ាស់ទៅដល់បានព្យាយាមបើកគេចដែរតែមិនផុត បណ្តាលអោយ កង់ក្រោយរបស់រថយន្តកិនចំក្បាលជនរងគ្រោះតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខព្រះសីហនុ1B-7738 បើកបរដោយឈ្មោះអេង ស៊ីណា ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅ ភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវរថយន្តកាំម៉ាស់កិនចំក្បាល់ស្លាប់នៅកន្លែងកើតហេតុ ដោយឡែកអ្នករួមដំណើរ២នាក់រួចផុតពីគ្រោះថ្នាក់មានឈ្មោះសេង អាន ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះទ្រី ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ សែនជ័យ ជាមួយគ្នា ។
នគរបាលចរាចរណ៍ស្រុកបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតពោលគឺបើកបរពីកំពង់ស្ពឺចូលមកភ្នំពេញ មកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងមួយគ្រឿងបើកមកពីក្រោយបានកៀម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយដួលខ្ទាតទៅកណ្តាលទ្រូងផ្លូវជាតិ ។ ស្របពេលដួលនោះរថយន្តកាំម៉ាស់ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិចបានទៅដល់ ហើយព្យាយាមបើកគេចដែរតែមិនផុត បណ្តាលអោយកង់ រថយន្តខាងក្រោយកិនចំក្បាលជនរងគ្រោះស្លាប់យ៉ាងអណោចអធម្ម ភ្លាមនោះអ្នកបើកបររត់គេចខ្លួនបាត់ ចំណែកអ្នករួមដំណើរជាមួយរួចផុតពីគ្រោះថ្នាក់ដូចបានកើតម្តងទៀត ។
លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណបើកកៀរជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលអោយដួលខ្ទាតទៅកណ្តាលផ្លូវជាតិ ក្រោយមករថយន្ត កាំម៉ាស់ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាមកដល់ហើយព្យាយាមបើកគេចដោយបត់ចូលទៅខាងឆ្វេងដៃបណ្តាលអោយកង់រថយន្តខាងក្រោយកិនចំក្បាលជនរងគ្រោះស្លាប់នៅលើផ្លូវជាតិតែម្តង ។
ក្រោយកើតហេតុរថយន្តបង្កបើកគេចបាត់ ចំណែកអ្នកបើកបររថយន្តកាំម៉ាស់រត់គេចខ្លួនបាត់ ចំពោះសាកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅគេហដ្ឋាន ចំណែកមធ្យោបាយទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ សណ្តោស