ពិតជាកាន់តែមែនទែនហើយ បន្ទាប់ពីមានមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។
បានឃើញនៅក្នុងហ្វេសប៊ុក ដែលគេបង្ហោះព្រោងព្រាតនាព្រឹកមិញនេះ ធ្វើឲ្យនាយជាលហួសចិត្តហើយបើមិនយកដៃទះទ្រូងមិនបានដោយសារហួសហេតុពេក ព្រោះតែ អារឿងសត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅបុរសបើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។
ពេលនោះម្ចាស់ឆ្កែមិនទាន់ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់ម៉ូតូកង់៣ខឹងច្រឡោតដាច់ក្បាលកន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជជែកគ្នាមួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃឆ្កែជិះម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។
ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យទៅវិញ។
បានឃើញក្នុងឃ្លីបវីដេអូនេះនាយជាលមិនហ៊ានវាយតម្លៃអ្នករត់ម៉ូតូកង់៣ថាម៉េចទេ គ្រាន់តែចង់បញ្ចេញទស្សនៈថា កុំឆ្កួតដូចឆ្កែអី ខ្វះអីឆ្កែជិះសុទ្ធតែឡិចស៊ីស៥៧០ ជិះដល់យន្តហោះឆ្លងប្រទេសមួយទៅប្រទេសមួយគេមិនដែឃើញចង្រៃ ងាប់យក៎អីផង ចុះប្លែកអីតែពូរត់ម៉ូតូកង់៣ ?
នាយជាលមិនហ៊ានថាម៉េចទេ បើថាគាត់ឆ្កួតដូចឆ្កែ ដូចមិនមែន ហើយបើថាដូចមនុស្សជាក៏ដូចមិនមែន ព្រោះគ្រាន់តែដឹកឆ្កែទៅចាក់ថ្នាំសោះខ្លាចរអារ និងចលាចលដល់ថ្នាក់នេះទៅហើយ ឱ! ពូម៉ូតូកង់៣ អើយ !៕ នាយជាល