ពិភពលោកបារម្ភខ្លាចសង្គ្រាមផ្ទុះឡើង រវាងឥណ្ឌានឹងប៉ាគីស្ថាន ឈានដល់ការប្រើប្រាស់អាវុធប្រល័យលោក

ចែករំលែក៖

ឥណ្ឌានិងប៉ាគីស្ថាន​កំពុងតែស្ថិតនៅមាត់រណ្តៅនៃសង្គ្រាម​ឲ្យតែប្រទេសទាំងពីរ ខ្វះការអត់ធ្មត់​តែបន្តិចនោះនឹងធ្លាក់ចូលរណ្តោះនៃសង្គ្រាមពិបាកបញ្ចប់ ដោយប្រទេសទាំងពីរ មានអាវុធ ប្រល័យលោកដូចគ្នា​ អាចធ្វើឲ្យប្រទេសទាំងពីរ រលាយសាបសូន្យពីផែនដី ។ បើទោះបីកម្លាំង ទាហាននិងអាវុធឥណ្ឌាទំនើបជាង​ តែបើសង្គ្រាម​ឈានដល់ការប្រើប្រាស់បរមាណូ គឺពិតពិបាកចាញឈ្នះខ្លាំងណាស។

សារព័ត៌មាន Times of India បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែលមានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ដោយនៅក្នុងឆ្នាំ២០១៨ឥណ្ឌាបានចំណាយដល់ទៅ៥៨ពាន់លានដុល្លារ គឺច្រើនជាងប៉ាគីស្ថានដល់ទៅ៥ដង ដោយប៉ាគីស្ថានមានតែ១១ពាន់លានដុល្លារតែប៉ុណ្ណោះ។

មូលនិធិការពារជាតិឥណ្ឌាមាន៥៨ពាន់លានដុល្លារ ចំណែកប៉ាគីស្ថានមានតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ។

កម្លាំងទាហានជើងគោកឥណ្ឌាមាន ដល់ទៅ១លាន២សែននាក់ ចំណែកប៉ាគីស្ថានវិញមានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ។

មីស៊ីលទំនើបបំផុត

អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ  Agni-5  ដែលអាចបាញ់បានចម្ងាយដល់ទៅ ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីល Shaheen បាញ់បានចម្ងាយ ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។

រថក្រោះ

ចំនួនរថពាស់ដែកដឹកទាហានរបស់ឥណ្ឌា មាន៣៣៦គ្រឿង រថក្រោះ៣.៥៦៥គ្រឿង និងកាំភ្លើងធំ៩.៧១៤ដើម។ ចំណែកប៉ាគីស្ថានវិញ  មានរថពាសដែក ១.៦០៥គ្រឿង រថក្រោះ.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។

យន្តហោះចម្បាំង

អំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង  ប៉ាគីស្ថានមាន៤២៥គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍន៍ធ្វើឲ្យទំនើបកម្មនៅ ក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ។

កម្លាំងជើងទឹក

អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើន ដោយឥណ្ឌា មាន ព្រំដែនសមុទ្រវេង ធំ ។ចំណែកប៉ាគីស្ថានវិញ មានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើងទឹកឡើយ ។

កងទ័ពជើងទឹក​ឥណ្ឌាមាននាវាផ្ទុកយន្ដហោះ​ចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវាល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទំាងនាវា​ប្រឆាំងយន្ដហោះ​ចម្បាំង ៧៥គ្រឿង និងនាវាចម្បាំង​ធម្មតា ១៣គ្រឿង។ ឥណ្ឌាមាន​កងទ័ព​ជើងទឹកសរុប ៦៧,៧០០នាក់។

ដោយឡែក​ប៉ាគីស្ថានមាន​​នាវាចម្បាំង​ធម្មតា ០៩គ្រឿង, នាវាមុជទឹក ០៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំង​យន្ដហោះ​ចម្បាំងតែ ០៨គ្រឿងប៉ុណ្ណោះ។

កម្លាំងអាវុធសំខាន់បំផុតរបស់ប្រទេសទាំងពីរគឺគ្រាប់បែកបរមាណូ

បើឈានដល់សង្រ្គាមអាវុធមហាប្រល័យលោក តើឥណ្ឌានិងប៉ាគីស្ថាន ខាងណាខ្លាំងជាង?

សហគមន៍អន្តរជាតិបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល នៅតាមបណ្តោយព្រំដែនកាស្មៀរដែលមានវិវាទរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន បន្ទាប់ពីប្រឈមមុខដាក់គ្នាដោយអាវុធនាពេលកន្លងមក បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។

ប្រទេសទាំងពីរ មានគ្រាប់បែកបរមាណូ ប្រហាក់ប្រហែលគ្នា ឥណ្ឌាមានប្រមាណ១៥០គ្រាប់ ចំណែកប៉ាគីស្ថានមានប្រហែល ១៤០គ្រាប់ ។ ទោះជាយ៉ាងណា ពិភពលោកកំពុងតែបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារខ្លាចប្រទេសទាំងពីរត្រូវប្រឈមមុខដាក់គ្នា ឈានដល់ការធ្វើសង្គ្រាមបរមាណូ។

លោក Shuja Nawaz អ្នកឯកទេសវិភាគអាមេរិក បានលើកឡើងថា សង្គ្រាមឥណ្ឌានិងប៉ាគីស្ថាន កើតឡើងអាចឈានដល់សង្គ្រាមបរមាណូ បង្កវិនាសកម្មដល់តំបន់ទាំងមូល និងពិភពលោក។

តាមទស្សនាវដ្តី The National Interest របស់អាមេរិកបានផ្សាយថា ឃ្លាំងអាវុធបរមាណូប្រទេសទាំងពីរ ពិតជាគួរឲ្យភ័យខ្លាច ។ ប៉ាគីស្ថានបានចាប់ផ្តើម ផលិតអាវុធបរមាណូ នៅឆ្នាំ ១៩៥០ ហើយកម្មវិធីនោះត្រូវបានចាប់អារម្មណ៍ខ្លាំង ក្រោយពេលប្រទេសប៉ាគីស្ថាន ត្រូវឥណ្ឌាវាយប្រហារយកឈ្នះ នៅឆ្នាំ១៩៧១។

ក្រោយពេលរដ្ឋាភិបាលទីក្រុងញ៉ូវដេលី បានសាកល្បងបរមាណូលើកដំបូង នៅឆ្នាំ១៩៧៤ ទើបរដ្ឋាភិបាលទីក្រុង Islamaba បានជំរុញឲ្យអភិវឌ្ឍធាតុអ៊ុយរ៉ានីញ៉ម សម្រាប់ផលិតបរមាណូ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចប់នូវគម្រោងផលិតគ្រាប់បែកបរមាណូទីមួយ នាឆ្នាំ១៩៧៨។

នៅឆ្នាំ១៩៩៨ ឥណ្ឌាបានសាកល្បងគ្រាប់បែកបរមាណូ រហូតដល់ទៅ៦គ្រាប់ ក្នុងរយៈពេល៣ថ្ងៃ។ ចំណែកប៉ាគីស្ថានវិញ ក៏មិនចុះចាញ់នឹងឥណ្ឌាដែរ គឺក្រោយឥណ្ឌាសាកល្បង៣សប្តាហ៍ ប៉ាគីស្ថានក៏បានសាកល្បង គ្រាប់បែកបរមាណូចំនួន៥គ្រាប់ ក្នុងរយៈពេលតែមួយថ្ងៃ។

បើតាមតួលេខរបស់មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិទីក្រុង Stockholm ប្រទេសស្វីស បានឲ្យដឹងថា បច្ចុប្បន្ន ប៉ាគីស្ថានមានគ្រាប់បែកបរមាណូ ចន្លោះពី១៣០-១៤០គ្រាប់។ ចំណែកឥណ្ឌាវិញ មានគ្រាប់បែកបរមាណូប្រមាណ១៤០-១៥០គ្រាប់ ៕ បកប្រែ៖ ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print