ខេត្តកណ្តាល៖ ម៉ូតូ២គ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ២ ខណៈកំពុងបើបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម រីឯមនុស្ស២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាំនកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ។
បុរសស្លាប់បាត់បង់ជីវិតនោះឈ្មោះ សឿន ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AJ-4417 មានក្មេងរួមដំណើរជាមួយម្នាក់ឈ្មោះ ថៃ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូនអ្នកបើកបរម៉ូតូ (រងរបួសធ្ងន់) ។ ភាគីម្ខាងទៀតរងរបួសធ្ងន់ម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌សលាយខ្មៅ ពាក់ស្លកលេខតាកែវ1K-1082 ។
សាក្សីនិយាយថា មុនពេលកើតហេតុគេបានឃើញបុរសដែលស្លាប់បាត់បង់ជីវិតជិះម៉ូតូឌុបក្មេងនៅពីខាងមុខបើកបរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូហុងដាវ៉េវពេញមួយទំហឹង ខណៈដែលម៉ូតូវ៉េវកំពុងបើកបរច្រាស់ទិសគ្នា ។ ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមស្លាប់បាត់បង់ជីវិត និងកូនប្រុសរួដំណើរជាមួយរងរបួសធ្ងន់ ដោយឡែកអ្នកបើកបរម៉ូតូហុងដាវ៉េវក៏រងបួសធ្ងន់ផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណេកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ