លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវដល់ អាជ្ញាធរខណ្ឌឫស្សីកែវ និងសង្កាត់ទាំង៧ យកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឫស្សីកែវ បានអំពាវនាវដល់អាជ្ញាធរខណ្ឌឫស្សីកែវ និងសង្កាត់ទាំង៧ សូមអោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ និងព្យាយាមបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់នៅតាមមូលដ្ឋាននានា ទាំងសេវាចាំបាច់ និងសេវាសំណូមពរ ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី០៥ របស់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៏ ១១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីបានអានផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ របស់រាជធានីភ្នំពេញ ដោយ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ រួចមក លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការ ងារចុះជួយខណ្ឌក៏ បានលើកឡើងថា៖ ដើម្បី អោយ គណបក្សយើងកាន់តែទទួលនូវជោគជ័យជាបន្តទៀតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ស្របទៅនឹងជ័យជំនះដ៏ធំធេង ដែលគណបក្សយើង បានទទួលរួចមកហើយ នូវការឈ្នះបានអាសនៈ ១២៥លើ១២៥ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ដែលជោគជ័យនេះគឺមិនមែនកើឡើងដោយចៃដន្យនោះទេ តែវាបានកើតឡើងក្រោមស្នាដៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិក សមាជិការបស់បក្សទាំងអស់ ដែលបានសហការគ្នា និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អប្រសើរ ។

អាស្រ័យហេតុ នេះ សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សទាំង៧សង្កាត់របស់ខណ្ឌឫស្សីកែវ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយខ្លឹមសារ និងអនុវត្តគោលនយោបាយនានារបស់បក្ស ដែលបានដាក់ចេញនូវទិសដៅ ភារកិច្ចរួមជាយុទ្ធសាស្រ្ត និងទិសដៅភារកិច្ចឆ្នាំ២០១៩ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការដែរ ក៏មានការបង្ហាញខ្លួន របស់សមាសភាពបេក្ខជនក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក្នុងនោះបេក្ខជន ពេញសិទ្ធិមានចំនួន ២១រូប ស្រី៣រូប និងបេក្ខជនបម្រុង ២១រូប ស្រី៥រូបផងដែេ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print