ខ្មាន់កាំភ្លើងបាញ់ប្រហារនៅ ហុល្លង់ ត្រូវប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ពេលថ្មីៗនេះ មានការបាញ់ប្រហារកើតឡើងនៅក្នុងប្រទេស ណូវែលសេឡង់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដោយណូវែលសេឡង់ជាប្រទេស​ មានសុខសន្តិភាព សុវត្ថិភាពបំផុតលំដាប់ទីពីរលើពិភពលោក តែត្រូវប្រឈមការបាញ់ប្រហារ ។

នៅពេលនេះ​ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារសម្លាប់មនុស្ស៣នាក់ និងរងរបួស៥នាក់ នៅក្នុងរថយន្តក្រុង ដើរដោយថាមពលអគ្គិសនី ក្នុងទីក្រុង Utrecht ប្រទេសហុល្លង់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ។

ប៉ូលិសនៅទីក្រុង Utrecht ថ្លែងថា ជនសង្ស័យសញ្ជាតិតួកគីម្នាក់ត្រូវបានចាប់ខ្លួន ឈ្មោះ Gokmen Tanis អាយុ៣៧ឆ្នាំ ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ។ក្រោយហេតុការណ៍ប្រហារនេះ ប៉ូលិសបានឆ្មក់ទីតាំងជាច្រើនកន្លែង ប៉ុន្តែមិនបានដឹងពីព័ត៌មានលម្អិតនោះទេ ។ ទីក្រុងទាំងមូលបានបិទដំណើរការដោយផ្នែកខ្លះបណ្តោះអាសន្ន ពីព្រោះប៉ូលិសសង្ស័យថា ហាក់ដូចជាមានអំពើភេរវកម្មកើតឡើង ។

នៅតាមសាលារៀន និងទីតាំងផ្សេងៗទៀត ក្នុងទីក្រុង ក៏ដូចជានៅអាកាសយានដ្ឋានផងដែរ ប៉ូលិសបានបង្កើនសកម្មភាពល្បាត យាមកាមសន្តិសុខ ដោយសារតែការគំរាមកំហែងវាយប្រហារភេរវកម្មមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ។

នាយករដ្ឋមន្ត្រីហុល្លង់ លោក Mark Rutte បានកោះប្រជុំបន្ទាន់ ក្រោយហេតុការណ៍បាញ់ប្រហារទៅលើអ្នកដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនីនេះ ។ ការបាញ់ប្រហារនៅហុល្លង់នេះផងដែរ កើតឡើងក្រោយរយៈពេល៣ថ្ងៃប៉ុណ្ណោះ គឺការបាញ់សម្លាប់រង្គាលនៅក្នុងប្រទេសណូវែលសេឡង់ ទីតាំងព្រះវិហារអ៊ីស្លាម២កន្លែងសម្លាប់មនុស្ស៥០នាក់ ។

លោកនាយករដ្ឋមន្ត្រី Rutte ថ្លែងថា ប្រទេសរបស់យើងថ្ងៃនេះ មានការរន្ធត់ចិត្តណាស់ ដោយសារតែការបាញ់ប្រហារនៅ Utrecht…។ វាជាទង្វើវាយប្រហារភេរវកម្ម មិនអាចអត់ឱនឲ្យបានឡើយ ។ ពិតជាមិនគួរឲ្យជឿសោះថា ជនស៊ីវិលក្លាយជាជនរងគ្រោះក្នុងអំពើដ៏យង់ឃ្នង បង្កឡើងដោយក្រុមភេរវកម្មអីចឹងសោះ ។ នៅពេលនេះ យើងប្តេជ្ញា ធ្វើគ្រប់យ៉ាងដើម្បីក្របួចឲ្យបានជនជាមេគំនិត ពីក្រោយខ្នងអំពើវាយប្រហារនេះ ឲ្យបានឆាប់ៗបំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print