ទំនាស់រឿងព្រំដីមួយចង្អាម ពាក់មុខយក្សដាក់គ្នា លែងស្គាល់បងប្ពូនបង្កើត បងវ៉ៃប្អូនរបួស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: ដោយសារតម្លៃដីធ្លីមានហាងឆេងខ្ពស់ ធ្វើឲ្យមនុស្សមួយចំនួនមានចិត្តលោភលន់ លែងស្គាល់​បងប្អូនសាច់ឈាមបង្កើត រហូតពាក់មុខយក្សដាក់គ្នា និងចាត់ទុកគ្នាជាគូ​សត្រូវ ព្រោះតែលើសលស់ព្រំដីមួយចង្អាមសោះ ។

ជាក់ស្តែងដូចជាករណីមួយនេះ គឺកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាន​នគរបាល ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនស្រី្តសង្ស័យម្នាក់ បានប្រើអំពើហិង្សាដោយចេតនា ប្រើដុំថ្មវាយស្ត្រីម្នាក់ជាប្អូនបង្កើត មានផ្ទះនៅជាប់គ្នាបណ្ដាលឲ្យរង​របួសចំផ្ទៃមុខខាង​ឆ្វេងដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រស់ សន្តិភាព ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ រស់ រតនា ភេទ ស្រី អាយុ ៥៤ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ មានទីលំនៅជាប់គ្នា ។

មុនពេលកើតហេតុភាគីប្អូនស្រី បានធ្វើរបងថ្មខណ្ឌព្រំដីជាប់នឹងផ្ទះបងស្រីបង្កើតដែលមាន​គម្លាតពីគ្នាជាង១​ម៉ែត្រ ។ ពេលធ្វើនោះភាគីបងស្រីឃើញប្អូនរំលោភចូលដីរបស់គាត់ជាងមួយ ចង្អាមក៏បង្កើតជាទំនាស់គ្នាឡើងយ៉ាងស្រួចស្រាល់ រហូតបងស្រីទ្រាំមិនបាន ក៏យកដុំថ្មវាយ មុខប្អូនស្រីរបួសគួរសម ឯប្អូនស្រីទប់ចិត្តមិនបានក៏ប្តឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនបងស្រី យកទៅចាត់ការតាមច្បាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបងស្រី កសាង​សំណុំ​រឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដោះស្រាយតាមនិតិវិធី ធ្វើឲ្យអ្នកជិតខាង​លាន់មាត់ថា អីយ៉ា! រឿងព្រំដីមួយចង្អាមសោះ បងប្អូន២នាក់ពាក់មុខយក្ស ដាក់គ្នាលែងស្គាល់បងប្អូន សាច់ឈាមបង្កើតវើយ ៕  ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print