តំបន់ដែនអាកាសរវាងអាមេរិកនិងរុស្ស៊ី ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុត ហើយភាគីទាំងពីរតែងតែ មានសកម្មភាព សើបការណ៍គ្នាទៅវិញទៅវិញទៅមក ។មិនតែប៉ុណ្ណោះមានទាំងការបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ ហោះចូលកៀកផងដែរ ដើម្បីស្ទាប់ស្ទង់ពីសម្ថភាពការពារដែនអាកាស់របស់ភាគីនិមួយៗ។
រយៈពេលកន្លងមកយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ទាំងអាមេរិក និងរុស្ស៊ី តែងតែបំពានដែនអាកាសគ្នាទៅវិញទៅមក ធ្វើឲ្យភាគីនិមួយៗត្រូវបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅរារាំង ។ពេលថ្មីៗនេះរុស្ស៊ី បានបញ្ជូនយន្តហោះចម្បាំង Su-27ទៅរារាំងB-52 របស់អាមេរិកនៅព្រំដែន ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២១ខែមីនា បានបង្ហោះឃ្លីបវីដេអូស្តីពីយន្តហោះចម្បាំងរុស្ស៊ី Su-27 ទៅរារាំងយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ របស់អាមេរិក B-52 ដែលបានចូលមកគៀកព្រំដែនរុស្ស៊ី បង្ខំឲ្យយន្តហោះអាមេរិកត្រូវងាក់ក្បាលចេញវិញ។
ឃ្លីបវីដេអូខាងលើមានប្រវែង១០វិនាទី បង្ហាញឲ្យឃើញថា ក្រុមយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress របស់អាមេរិកបានចូលទៅកៀក ព្រំដែនរុស្ស៊ីនៅតំបន់ Baltic ហើយត្រូវបង្ខំឲ្យងាក់ក្បាលចេញទៅវិញ ក្រោយពេលឃើញយន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿង ទៅរារាំង ។ ក្រសួងការពារជាតិរុស្ស៊ីមិនបានបង្ហាញពីពេលវេលា ដែលបញ្ជូនយន្តហោះទៅស្ទាក់នោះឡើយ។
ព័ត៌មានខាងលើ បានផ្សាយជាសាធារណៈក្នុងពេលដែល កម្លាំងទាហានអាកាសអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ៦គ្រឿងទៅកាន់អឺរ៉ុប ។ យន្តហោះទម្លាក់គ្រាប់ទាំងនោះបានហោះហើរហ្វឹកហាត់នៅតំបន់យុទ្ធសាស្ត្រជាច្រើន ក្នុងនោះ មានដែនសមុទ្របាលតិច និងសមុទ្រមេឌីទែរ៉ាណេផងដែរ ៕