ភ្នំពេញ ៖ អតីត Freshie Boy លោក ថៃ នរៈពិទូ ដែលគេចាំបានថាធ្លាប់ជួបរឿងអាស្រូវជាពន្ធធនាគាររឿង ជួញ ដូរគ្រឿងញៀននោះ ធ្លាប់បានបង្ហាញមុខជាសាធារណៈហើយកាលពីថ្មីៗនេះ។ ក្រោយពេលបង្ហាញមុខ អតីតារាប្រុសរូបនេះហាក់មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មី។
អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ដែលជាប់ពាក់ព័ន្ធនឹងការណីគ្រឿងញៀនកាល ពីចុងឆ្នាំ២០១៦បានបង្ហាញវត្តមានជាសាធារណៈ និងធ្វើឲ្យភ្ញាក់ផ្អើលអស់សិល្បករ។ ការបង្ហាញវត្តមាននេះធ្វើឡើងកាលពីដើមខែមីនាក្នុងកម្មវិធី “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី២០ ដែលបានរៀបចំធ្វើឡើងនៅមជ្ឍមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលគ្រានោះមានសិល្បៈករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់នោះ។
ក្រោយពីបង្ហាញមុខ និងហាក់មានសាច់ឈាមស្រស់ថ្លាជាងមុនមិនបានប៉ុន្មានផងអតីតតារាសម្តែងរូបនេះបាន លើកសម្តីបែបសំនួរទៅមហាជនថា «បើខ្ញុំចង់ចូលសិល្បៈវិញបងប្អូនគិតមិចដែរ?» ការលើកឡើងនេះទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រដែលមានទាំងអ្នកលើកទឹកចិត្តផងដែរថា«មនុស្សណាក៏ធ្លាប់ខុសដែរ សំខាន់បងប្រុសចេះកែខ្ញុំនៅតែគាំទ្របង» ក៏មានអ្នកខ្លះស្នើឲ្យតារាប្រុសរូបនេះថែរក្សា សម្រករាងបន្តិចមុនពេលសម្រេចចូលសិល្បៈនោះ។
ឪពុកដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ធ្លាប់បញ្ជាក់ថា កូនប្រុសលោកបានចេញពីពន្ធធនាគារចាប់តាំងពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨ មក ក្រោយពីជាប់ឃុំអស់រយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោក បានបញ្ជាក់ថា កូនប្រុសលោកបានទទួលសេរីភាពវិញហើយក្រោយពីអនុវត្តតាមច្បាប់តុលាការរួចមក ហើយលោកមានសុទិដ្ឋិនិយមចំពោះកូនប្រុសថា នឹងអាចដើរផ្លូវដ៏ត្រឹមត្រូវ ដើម្បីសាងជីវិតថ្មី ក្រោយពីទទួលកំហុសខុសឆ្គងរបស់ខ្លួន។
លោកបន្តថា លោកលើកទឹកចិត្តកូនថា ទីណាក៏ជាសាលារៀន នៅទីនោះយើងចាត់ទុកថាជាកន្លែងលុតដំខ្លួនដែរ ហើយលោកសង្ឃឹមនិងកំពុងដឹកនាំកូនដើរវិថីទៅរកក្តីសង្ឃឹមថ្មីៗ ហើយលោកមិនបណ្ដោយឲ្យដើរលើផ្លូវខុសឆ្គងទៀតទេ។
គួរបញ្ជាក់ដែរថាអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្សពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានផ្ត ប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម, ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២,ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ZEPAM ចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕ ដោយ វឌ្ឍនា