ខេត្តកណ្តាល៖ មុខសញ្ញារក្សាទុកសារធាតុញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំល្បាតចាប់ខ្លួនបាន២នាក់ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៊ូ ចាបអិុត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទី២-ឈ្មោះ អូន ប៊ុនថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០១កញ្ចប់ ,ម៉ូតូ០១គ្រឿងម៉ាក ហុងដា SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល.1I 9771 ,ទូរសព្ទដៃ០១គ្រឿងម៉ាកណូគាផងដែរ។
លោកអធិការបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងអន្តរាគម៍ក្រុមទី១ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះល្បាតតាមភូមិសាស្ត្រស្រុកកោះធំ លុះមកដល់ចំណុច ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ក៏បានឃើញជនសង្ស័យទាំង ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ កម្លាំងបានឃាត់ម៉ូតូអោយឈប់ហើយត្រួតពិនិត្យ ឆែកឆេរ រកឃើញថ្នាំញៀនចំនួន ០១ កញ្ចប់តូចនៅជាប់និងខ្លួនឈ្មោះ អូន ប៊ុនថន ពេលនោះកម្លាំងអន្តរាគម៍បាននាំខ្លួនជនសង្ស័យទាំង ០២ នាក់ខាងលើ មកកាន់អធិការនគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២ នាក់នេះ បានឲ្យដឹងថា ថ្នាំញៀន ០១ កញ្ចប់តូចខាងលើនេះខ្លួនបានទិញពីអ្នកលក់ថ្នាញៀនម្នាក់ភេទប្រុសមិនស្គាល់ឈ្មោះ តែ ស្គាល់មុខ តាមរយៈលេខទូរសព្ទ័ ០៩៦៥៧៤៦៤០០ ដែលមានទីលំនៅចំណុច ខាងត្បូងស្ពានព្រែកយាយហាយ ក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ៕
ដោយ៖ ស្អាងជ័យ