ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នេះ តុលាការសម្រេចចោទប្រកាន់ជាផ្លូវការលេីជនជាតិចិន៣នាក់ ដែលនាំប្រាក់ជាង៣.៥លានដុល្លារអាមេរិកចូលកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា ថ្លែងតាមបណ្ដាញសង្គម Telegram ថា”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។
របាយការណ៍ពីប៉ូលិសអន្តោប្រវេសន៍ បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង៣នាក់ ត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ៕ចេស្តា