ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ នៅល្ងាចថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៩ បានរាយការណ៍មកថា មានបុរសម្នាក់ដើរឆ្លុះសត្វក្នុងព្រៃមិនប្រយ័ត្នរាលកៃនិង(កាំភ្លើងឆ្នុក) កែច្នៃបណ្តាលត្រូវខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រៃល្ហៀក ស្ថិតក្នុងភូមិ សែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងនៅល្ងាចថ្ងៃទី២៧នេះថា មានករណីរាលអាវុធកែច្នៃដោយខ្លួនឯងបណ្ដាលឲ្យស្លាប់ (កាំភ្លើងឆ្នុក) លើជនរងគ្រោះឈ្មោះម៉ៅ សាត ហៅមី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ កើតហេតុ ខាងលើ។
លោកបន្តថាតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ព្រំ ម៉ៅ អាយុ៤៩ឆ្នាំ និងម្ដាយឈ្មោះ វ៉ាន់ លាត អាយុ៤៧ឆ្នាំ បានអោយដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានយកកាំភ្លើងឆ្នុក ចេញទៅឆ្លុះសត្វក្រោយផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែលឺសូរផ្ទុះចំនួន១គ្រាប់ ពេលនោះ ឪពុកម្តាយក៏រត់ទៅមើល ជនរងគ្រោះឃើញ ដួលផ្កាប់មុខនិងដីកាំភ្លើងឆ្នុកនៅអែបខ្លួនខាងស្តាំ ហើយនៅលើខ្លួនជនរងគ្រោះមានរន្ធមុតបោះដៃផុតខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
បន្ទាប់ពីសមត្ថកិច្ច ត្រួតពិនិត្យសពរួចក៏បានប្រគល់សព ជូនក្រុមគ្រួសារ ជនរងគ្រោះ យកទៅធ្វើបុណ្យនៅភូមិអូររំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តាមប្រពៃណី៕ប៊ុនរិទ្ធី