ភ្នំពេញ៖លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីពិន័យកងកម្លាំង កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ពាក់ព័ន្ធការបាញ់៥គ្រាប់ បណ្តាលឱ្យបែកកញ្ចក់រថយន្ត ក្នុងបំណងប៉ុនប៉ងឃាតកម្ម កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា ការសម្រេចបែបនេះ បន្ទាប់ពីជនរងគ្រោះយល់ព្រមសម្របសម្រួលជាមួយជនបង្ក ដោយទទួលសំណងចំនួន៥ពាន់ដុល្លារអាមេរិក ។
ទោះបីយ៉ាងណា លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅពុំទាន់សុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ដោយសារទូរស័ព្ទចូល តែថាជាប់រវល់ប្រជុំ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ ។
សូមបញ្ជាក់ថា ជនបង្កដែលបាញ់៥គ្រាប់បណ្ដាលបែកកញ្ចក់ឡាន ក្នុងបទល្មើសប៉ុនប៉ងឃាតកម្ម គឺ លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ចំណែកជនរងគ្រោះ ឈ្មោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ថា នគរបាលបានបញ្ជូនសំណុំរឿងនិងជនបង្ក ទៅនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។
ជនរងគ្រោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ថ្លែងប្រាប់ដែរថា លោកពុំដែលស្គាល់ ឬ ធ្លាប់មានទំនាស់ជាមួយជនបង្កនោះទេ ។ ប៉ុន្តែនៅយប់កេីតហេតុ គឺ ជនបង្កមានលក្ខណៈស្រវឹងជោកជាំ ទេីបឈានដល់ការបាញ់បំបែកកញ្ចក់ឡានរបស់លោក ។ ពេលនេះ លោកបានដាក់ពាក្យបណ្ដឹងជាផ្លូវការហើយ ដេីម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៅលេីជនបង្ករូបនេះ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ថា បន្ទាប់ពីហេតុការណ៍បាញ់ប្រហារកេីតឡើងកាលពីវេលាម៉ោង០០៖៥៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៣៦៣កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ គឺ មានអន្តរាគមន៍ជាច្រើនពីមន្ត្រីគ្រាក់ៗឱ្យមានការសម្របសម្រួលគ្នា ។ ប៉ុន្តែដោយសារជនរងគ្រោះមិនព្រមទេីបឈានដល់ការដាក់ពាក្យបណ្ដឹង ឃាត់ខ្លួនជនបង្កតែម្តង ។
បុរសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុរូប គាត់និងប្រពន្ធបានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរ ប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ2U- 4448 ចេញពីហូបអី នៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្តរ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿងម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងរន្ធើន ដាក់រូបគាត់ទើបរូបគាត់បន្ថយល្បឿន ឈប់ចុះមកសួរ ថាមានរឿងអី? រីឯជនបង្កឆ្លើយថាអញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី? ។
ប្រភពព័ត៌មានបន្តថា បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធក៏ឡើងលើរថយន្ត បើកចេញទៅទើបជនបង្ក បានបើកតាមពីក្រោយហើយមកគៀក ឲ្យជនរងគ្រោះ បើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះ ក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាប់តែជនបង្ក បើករថយន្តមកកាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះ បើកថយក្រោយបត់ក្បាល រថយន្តចេញក៏ស្រាប់តែជនបង្កម្នាក់ ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះ ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធ ភ័យស្លន់ស្លោ រហូតដល់សន្លប់បាត់ស្មារតី រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុ មួយភ្លេតក៏ត្រឡប់មកវិញ ។
ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង។
ចំណែកស្ត្រីរងគ្រោះ ដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីពេទ្យឯកជន។ រីឯបុរសរងគ្រោះ ក៏បានមកដាក់ពា្យបណ្ដឹងទៅលើជនបង្កទាំង២នាក់ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការ តាមនីតិវិធីច្បាប់ ។
មាត្រា២៧នៃក្រមព្រហ្មទណ្ឌ ចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ ៖
-ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដេីម្បីប្រព្រឹត្តបទល្មើស និង ចារីមិនបានបញ្ឈប់អំពើរបស់ខ្លូនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លូន ។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដេីម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើមអនុវត្តទេ ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ”។
មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រេីអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥(បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ)នៃក្រមនេះ គឺ ជាឃាតកម្ម ។
ឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ៕ចេស្តា