ខ្ចីម៉ូតូគេជិះថាទៅទិញអីហូបមួយភ្លែត តែបែរជាយកទៅលក់ ចុងក្រោយត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ករណីរំលោភលើទំនុកចិត្ដ ក្រោយពីបុរសសង្ស័យខាងលើខ្ចីម៉ូតូគេជិះដោយនិយាយថាទៅទិញអីហូបមួយភ្លែត តែបែជាយកម៉ូតូគេទៅលក់នៅឯភ្នំពេញទៅវិញ ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង​១០នាទី ត្រង់ចំណុចសួនច្បារតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុល បុប្ផា  ហៅលឿង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ឆាយ ឃុន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងបាត់បង់មានម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ1AH-1845 និងវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿងម៉ាក Suzuki Gixcer ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1A-9189 (របស់ជនសង្ស័យ) ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ ទៅផឹកកាហ្វេនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ បន្ទាប់មកជនសង្ស័យខាងលើ បានសុំខ្ចីម៉ូតូពីជនរងគ្រោះជិះ ដោយប្រាប់ថា ទៅរកទិញអីហូបមួយភ្លែត ភ្លាមនោះជនរងគ្រោះក៏យល់ព្រមឲ្យម៉ូតូទៅជនសង្ស័យខ្ចី ពេលបានម៉ូតូរួច ភ្លាមនោះជនសង្ស័យ ក៏ជិះទៅបាត់តែម្ដង ដោយពុំប្រគល់ឲ្យម្ចាស់ជាជនរងគ្រោះវិញទេ លុះមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ជនរងគ្រោះបានឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលតាខ្មៅ យកមកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន ក្រោយ​ពីខ្លួនខ្ចីបាន ខ្លួនបានយកម៉ូតូនោះ ទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណនៅម្តុំផ្សារថ្មី បានលុយ​៩០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីបានលុយហើយ ខ្លួនបានយកលុយនោះ ទៅស៊ីចាយ និងលេងល្បែងចាញ់អស់តែម្ដងទៅ  ។

បន្ទាប់ពីជនសង្ស័យសារភាពរួច សមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print